(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើការណែនាំ ឲ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ និងស្វែងយល់ឲ្យបានច្បាស់នូវ វប្បធម៌ប្រពៃណីរបស់ជាតិ ដើម្បីផ្សព្វផ្សាយដល់បណ្តាលយុវជនប្រទេសដទៃទៀត ឲ្យបានស្គាល់អំពីវប្បធម៌ ប្រពៃណី ដ៏ល្អផូផង់របស់យើង។

ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ ម៉ឹង សំផន អនុញ្ញាតឲ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន២៩រូប ចូលជួបសម្តែងការគួរសម
និងសុំអនុសាសន៍ណែនាំមួយចំនួន មុនពេលទៅចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា នេះជាភព្វ័សំណាងដ៏ល្អរបស់យុវជន ដែលបានកើតទាន់ ពេលក្នុងពេលដែលប្រទេសជាតិ របស់យើងកំពុងទទួលបាននូវសន្តិភាព និង ការអភិវឌ្ឍន៍។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើប្រទេសជាតិ គ្មានសន្តិភាព និង ការអភិវឌ្ឍន៍បានល្អទេ យុវជនទាំងអស់ ក៏មិនមានឱកាសចេញទៅធ្វើទស្សនកិច្ចបែបនេះបានដែល។

នាយឧត្តមសេនីយ៍ ក៏បានរំលឹកឡើងវិញ កាលពីសម័យសង្គ្រាម ដែលបានធ្វើឲ្យប្រទេសជាតិ ទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ ទើបក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ យើងបានកសាងប្រទេសឡើងវិញ ចាប់តាំងពីបាតដៃទទេរ រហូតមានអ្វីៗគ្រប់បែបយ៉ាងមកទល់ពេលនេះ។

តាមរយៈកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះដែល នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានជំរុញដល់ យុវជនទាំងអស់ ត្រូវមានភារកិច្ច ពាំនាំនូវសារដ៏ល្អ ពីកម្ពុជាទៅកាន់ពិភពលោក ឲ្យបានដឹងអំពីសន្តិភាព ស្ថិរភាព នយោបាយ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទេសចរណ៍ ដែលកំពង់មានការរីកចំរើនក្នុងប្រទេសកម្ពុជា។

លោក ផាន់ សុផា ប្រធានប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានឲ្យដឹងថា ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៧នេះ មានរយៈពេល៥២ថ្ងៃ ដែលនឹងចាប់ចេញដំណើរពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ។ ក្នុងកម្មវិធីនេះ នាវានឹងចេញដំណើរពីប្រទេសជប៉ុន មកចូលចតនៅប្រទេសប្រទេសអាស៊ានចំនួន៤រួមមាន៖ ប្រទេស កម្ពុជា ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ទើបត្រលប់ទៅកាន់ប្រទេសជប៉ុនវិញ។

តាមរយៈកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ បានផ្តល់ឱកាសដល់ប្រទេសកម្ពុជា ក្នុងបង្កាញនូវប្រពៃណី វប្បធម៌របស់ខ្លួនដល់យុវជនមក ពីបណ្តាលប្រទេសអាស៊ាន។ ហើយនៅក្នុងឆ្នាំនេះដែល ប្រតិភូយុវជនកម្ពុជា បានជ្រើសរើសយកនូវប្រធានបទ ស្តីពី ការស្លៀកពាក់ និង ការតុបតែង ដោយបង្កើតខ្សែវីដឺអូមួយ បង្ហាញពី ការស្លៀកពាក់តុបតែង ពីសម័យ ហ្វូណន ចេនឡា ចតុមុខ សម័យអង្គរ ឧត្តុង្គ សម័យទស្សវត្សទី ៦០ និងរហូតមកដល់បច្ចុប្បន្ននេះ៕