(ពោធិ៍សាត់)៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ កំពុងសហការគ្នា និងមមាញឹកបើកការស្រាវជ្រាវក្រុមចោរ លើករណីប្លន់យកនៅឧបករណ៍នេសាទ ពីជនរងគ្រោះ៣នាក់បងប្អូន បណ្តាលឲ្យបុរសជាបងរងរបួសធ្ងន់។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចមុខព្រែកកំពុងថ្គោល ចម្ងាយពីភូមិប្រមាណ៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងរបួសទី១- ម៉ៅ ជាតិ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ(របួសធ្ងន់) ទី២- ម៉ៅ ប៊ុនធឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ​ (មិនរងរបួសទេ) និងទី៣- ម៉ៅ ចាន់រ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ(មិនរងរបួសទេ) អ្នកទាំង០៣នាក់ជាបងប្អូនបង្កើតនឹងគ្នា បច្ចុប្បន្នរស់នៅភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា សម្ភារខូចខាត និងបាត់បង់រួមមានសាច់មងចំនួន៦០ដុំ ស្មើនឹង៥០គីឡូក្រាម ម៉ាស៊ីន១គ្រឿង ម៉ាកហ៊ីណូតា កំលាំង១៨សេស និងបុកបែកសម្បកកាណូតចំនួន១គ្រឿង។

បើតាមការរៀបរាប់ពីជនរងគ្រោះទាំង៣នាក់បងប្អូនបង្កើតបានលើកឡើងថា មុនដំបូងពួកខ្លួនបាននាំគ្នាធ្វើដំណើរដោយកាណូត១គ្រឿង ក្នុងគោលបំណងទៅរាយមងតែមិនទាន់បានដល់គោលដៅផង ក៍បានជួបកាណូត ២គ្រឿងបើកបុក ហើយកាណូតទាំង២គ្រឿងនោះ មានមនុស្សជាង១០នាក់ ប្រដាប់ដោយសាងឬច្បូក និងដាវសាមូរ៉ៃ តែមិនស្គាល់អត្តសញ្ញាណនោះទេ ហើយបានស្រែកគំរាមសម្លាប់ និងធ្វើសកម្មភាពវាយជនរងគ្រោះជាបង បណ្ដាលឲ្យរបួស(ធ្ងន់) ចំណែកប្អូនៗទាំង២នាក់ លើកដៃសំពះអង្វរករ ទើបមិនបណ្ដាលឲ្យរងរបួសនោះ រួចក៏យកឧបករណ៍ និងសម្ភារដូចបានរាបរបខាងលើ។

ករណីខាងលើនេះកម្លាំងនគរបាល និងកម្លាំស្ថាប័នពាក់ព័ន្ធកំពុងសហការគ្នាស្រាវជ្រាវ និងបើកការសើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែយ៉ាងមុិញពុំទាន់មានតំរ៉ុយនៅឡើយនោះទេ៕