(ក្រចេះ)៖ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក គង់ គឹមនី អភិបាលស្រុកស្នួល សម្របសម្រួលដោយលោក ជា សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ដោយមានការចូលរួមពីលោក គុយ ហួត ប្រធានមន្ទីកសិកម្មខេត្ត នាព្រឹកថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៧នេះ បើកយុទ្ធនាការបង្ក្រាបរថយន្ដដឹកឈើ និងដឹកអុសស្រស់បានចំនួន២៥គ្រឿង នៅលើផ្លូវជាតិលេខ៧ ចំណុចឃុំឃ្សឹម​ ស្រុកស្នួល ខេត្តក្រចេះ។

លោក គង់ គឹមនី អភិបាលស្រុក បានឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្រ្កាបនោះរួមមាន មន្ទីកសិកម្មខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ផ្នែករដ្ឋបាល ព្រៃឈើឆ្លូង សង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម អាវុធហត្ថខេត្ត-ស្រុក នគរបាលនិងយោធា បានរួមសហការដាក់បារាស់បង្ក្រាបរថយន្ដដឹកអុសស្រស់ៗ បានចំនួន២៥គ្រឿង។

មន្រ្តីរដ្ឋបាលព្រៃឈើ បញ្ជាក់ឲ្យដឹងថា រថយន្ដដឹកអុសស្រស់ទាំង២៥គ្រឿងនោះ ក្នុងនោះមានរថយន្ដ កូរ៉េចំណុះ២តោនកន្លះចំនួន១គ្រឿង ហើយ២៤គ្រឿងទៀត សុទ្ធជារថយន្ដសាំយ៉ុង។ បច្ចុប្បន្នរថយន្ដទាំងនោះ យកទៅរក្សាទុកនៅសួនអាពាពិពាហ៍របស់រដ្ឋបាលព្រៃឈើផ្នែកឆ្លូងស្នួល ដើម្បីកសាងតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕