(ភ្នំពេញ)៖ ដើម្បីបញ្ជៀសនូវរាល់បញ្ហាទាំងឡាយ ដែលអាចនឹងកើតមានដល់ពលរដ្ឋទាំងអស់ ក្នុងការខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងដាច់ខាត ក្នុងការខ្ចីប្រាក់​ពីកន្លែងមួយទៅសងកន្លែងមួយទៀត ព្រោះនេះអាចជាកលល្បិចធ្វើឲ្យពលរដ្ឋជាប់បំណុល និងសងបំណុលកាន់តែច្រើនឡើងៗ។

ថ្លែងក្នុងកម្មវិធីសិក្ខាសាលាលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតី​ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការខ្ចី ឬសងប្រាក់ ត្រូវឲ្យច្បាស់ថា ខ្ចីប្រាក់នៅកន្លែងណាត្រូវទៅសងនៅកន្លែងនោះ មួយវិញទៀត​ចៀសវាងដាច់ខាតក្នុងការខ្ចីប្រាក់ពីឈ្មួញ ខ្ចីចងការប្រាក់ ឬអ្នករកស៊ីដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលគិត​ការ​ប្រាក់ខ្ពស់ និងកេងប្រវ័ញ្ច។

លោកបានឲ្យដឹងថា ពលរដ្ឋទាំងអស់ត្រូវតែយល់ដឹងពីខ្លួនឯងឲ្យបានច្បាស់ ពីតម្រូវការពិតប្រាកដក្នុងការខ្ចីប្រាក់ និងប្រើប្រាស់ប្រាក់​កម្ចីឲ្យចំគោលដៅ និងបង្កើតចំណូលមកវិញ និងដឹងឲ្យច្បាស់អំពីកាតព្វកិច្ចប្រាក់កម្ចី ពោលបើខ្ចីប្រាក់ត្រូវមានកាតព្វកិច្ចសងប្រាក់​ បើពុំដូច្នោះទេ នឹងបាត់បងឱកាសក្នុងការទទួលបានប្រាក់កម្ចីលើកក្រោយៗទៀត។

លោកទេសាភិបាលបញ្ជាក់ទៀតថា «ពលរដ្ឋទាំងអស់ត្រូវចេះប្រៀបធៀប អត្រាការប្រាក់កម្ចីរវាង​គ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយ ពិនិត្យលក្ខខណ្ឌខ្ចីប្រាក់ឲ្យបានយល់ច្បាស់ មុននឹងសម្រេចចុះហត្ថលេខា ឬផ្ដិតមេដៃទទួលបា្រក់កម្ចី ពុំត្រូវជឿ​ការឃោសនា​បោកប្រាស់របស់ជនខិលខូចមួយចំនួន ដែលដើរបោកប្រាស់តាមរយៈការប្រមូលប្រាក់បញ្ញើ ឬការខ្ចីប្រាក់ដោយសន្យាឲ្យការប្រាក់ខ្ពស់ ព្រោះនេះអាចបណ្ដាលឲ្យនាំបញ្ហាដល់ខ្លួនឯងនៅថ្ងៃក្រោយ»។

ក្នុងនោះលោក ជា ចាន់តូ បានស្នើឲ្យអាជ្ញាធរ,​ សមត្ថកិច្ចទាំងអស់ជួយផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីប្រភពច្បាប់ នៃការខ្ចីប្រាក់ ការប្រើប្រាស់កម្ចីឲ្យចំគោលដៅ និងការគោរពតាមកាតព្វកិច្ចសង់ប្រាក់កម្ចី ទន្ទឹមនោះត្រូវទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យ ចាញ់បោកការឃោសនារបស់ជនខិលខូច ដែលបាននិងកំពុងធ្វើសកម្មភាពមីក្រូហិរញ្ញវត្ថុ ដោយពុំមានច្បាប់អនុញ្ញាត្រឹមត្រូវ។

លោកទេសាភិបាល បញ្ជាក់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ត្រូវបន្ដតាមដានឲ្យបានច្បាស់លាស់ និងពិនិត្យឲ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់ ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ជាពិសេសសម្រាប់យកទៅស្នើសុំប្រាក់កម្ចី ហើយបើអាចធ្វើបានគួរតែ បញ្ឈប់ការចេញលិខិត​បញ្ជាក់កម្មសិទ្ធដីធ្លីច្រើនសន្លឹក ជូនពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងការខ្ចីប្រាក់។ អាជ្ញាធរសមត្ថកិច្ចទាំងអស់ត្រូវ​បញ្ឈប់ជាបន្ទាន់នៅរាល់សកម្មភាព សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទនានា ក្នុងការ​ដើរទារ ឬប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដែលនាំឲ្យមានការយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬប្រតិបត្តិករឥណទានជនបទ​ជារបស់រដ្ឋ៕