(ភ្នំពេញ)៖​ ជាកាដូដ៏ធំមួយទៀតហើយ ផ្ដល់ជូនដល់ជនរួមជាតិខ្មែរនោះគឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈទិញយក ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ មកគ្រប់គ្រងវិញ ដូច្នេះបងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើ Facebook Page នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៧នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ (ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ»

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ»។

សូមជម្រាបថា ស្ពាន លី យ៉ុងផាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនៈ LYP Group ទឹកប្រាក់សរុបចំនួនៈ ៤៣លានដុល្លារអាមេរិក។ ស្ពាននេះ មានបណ្តោយ៩៩៦ម៉ែត្រ និងទទឹង១៤ម៉ែត្រ តភ្ជាប់ពីផ្លូវកប់ស្រូវ (ត្រើយខាងលិចបឹងទន្លេសាប) ទៅចំនុចស្ពានទី៦ ផ្លូវជាតិ៦A (ត្រើយខាងកើតបឹងទនេ្លសាប) ដែលតំរូវឲ្យមានការសាងសង់ផ្លូវបេតុងប្រវែង៨១៧០ម៉ែត្រ ភ្ជាប់ពីគល់ស្ពានត្រើយខាងកើត ទៅផ្លូវជាតិលេខ៦A៕

{IfMobile}

{ElseMobile}

{EndIfMobile}