(កំពង់ស្ពឺ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមគញរូពេទ្យស្ម័គចិត្តរបស់​ក្រសួងសុខាភិបាលប្រមាណ៦០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនកម្មករ-កម្មការិនីរោងចក្រប្រមាណ១២៥០នាក់ នៅរោងចក្រ AGILE SWEATER (Cambodia)co;ldt នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះ ស្ថិតនៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ថ្លែងថា «ថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើង​ បានចុះមកពិនិត្យព្យាបាលជំងឺដល់បងប្អូនកម្មករ-កម្មការិនី ដល់រោងចក្រតែម្ដង ដើម្បីជួយសម្រួលការលំបាករបស់ពួកគាត់ ដោយមិនចាំបាច់ទៅដល់មន្ទីរពេទ្យ ហើយគ្រូពេទ្យរបស់យើង នឹងទទួលពិនិត្យព្យាបាលជំងឺគ្រប់មុខ ដោយមិនយកកម្រៃនោះទេ ហើយនេះក៏ជាយុទ្ធនាការ ដែលយើងបានដាក់ចេញកន្លងមកនេះ ដើម្បីឆ្លើយតបនឹងការជំរុញរបស់សម្ដេចតេជោ ហ៊ុន សែន ឲ្យក្រុមគ្រូពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងមានគុណធម៌ ពិសេសត្រូវចាត់ទុកអ្នកជំងឺ ដូចជាអាយុជីវិតរបស់ខ្លួននោះ ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ នឹងសហការគ្នា ដោយយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខមាលភាពជូនដល់អ្នកជំងឺ គ្រប់ពេលវេលា ផងដែរ»

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបន្តថា ក្មួយៗ ពិតជាមានសំណាងណាស់ដែលបានរស់នៅ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា «គឺខុសពីរូបលោកកាលនៅពីក្មេងៗ គឺសង្គមជាតិនាសម័យនោះ មានតែសង្គ្រាមបង្ហូរឈាមខ្មែរនិងខ្មែរគ្នាឯងតែប៉ុណ្ណោះ ប្រទេសជាតិគ្មានការអភិវឌ្ឍន៍ ហែកហួរដោយសង្គ្រាម»

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានបញ្ជាក់ថា សម័យនេះក្មួយៗ មានគ្រប់បែបយ៉ាង គឺមានជីវភាពធូធា មានសម្លៀកបំពាក់ស៊ីវីល័យ ម៉ូតូឡាន និងរបស់ប្រើប្រាស់ទំនើបៗ ហើយព័ត៌មានសង្គមទៀតសោធ មាននៅដៃក្មួយៗគ្រប់គ្នា។ ដូច្នេះសូមឲ្យក្មួយៗ ទាំងអស់ខិតខំធ្វើការងារដើម្បីជីវភាព និងអនាគត កូនៗជំនន់ក្រោយ ហើយមិនត្រូវជឿរតាមការអូសទាញរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលបង្ក ឲ្យប្រទេសជាតិ មានអស្ថេរភាពនោះឡើយ។

ក្រោយពីការសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រនេះ ក្រុមការងារបានបន្តដំណើរសំណេះសំណាលជាប្រជាពលរដ្ឋមកសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ក្នុងនោះលោកក៏ផ្តាំផ្ញើដល់គ្រូពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានាទូទាំងខេត្ត តាមរយៈលោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាល ត្រូវតាមដានពិនិត្យ និងជំរុញឲ្យគ្រូពេទ្យយកចិត្តទុកដាក់ព្យាបាលពលរដ្ឋ តាមក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យជាប្រចាំ៕