(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ស្អែកនេះ កម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហរិញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣,៩៤២លានយ៉ន (ប្រមាណ៣៥ លានដុល្លារអាមេរិក) សម្រាប់អនុវត្ដគម្រោង «សាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់»។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ពិធីចុះហត្ថលេខាខាងលើនេះ ដោយមានការចូលរួមពី លោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃកម្ពុជា និង លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស បានបន្ថែមទៀតថា ក្រោមគំរោងខាងលើនេះ ស្ពានចំនួន៥ នៅលើផ្លូវជាតិលេខ៧៣ នៅក្នុងខេត្តក្រចេះ និងស្ពានចំនួន២ទៀត​ នៅលើផ្លូវជាតិលេខ១១ នៅក្នុងខេត្តព្រៃវែង នឹងត្រូវបានសាងសង់សម្រាប់ ជំនួសស្ពានដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូននៅតាមបណ្ដោយផ្លូវជាតិទាំងពីរនេះ។

គួរកត់សម្គាល់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ កម្ពុជាបានទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវរបស់ជប៉ុន ប្រហែល២៤៩លានដុល្លារអាមេរិក ក្នុងនោះរួមមាន ហិរញ្ញប្បទានឥតសំណងប្រមាណ៤០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការពារទឹកជំនន់ព្រមទាំង ការកែលំអរប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទានដែលមានទឹកប្រាកប្រមាណ២០៩លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្នុងក្រុងព្រះសីហនុ៕