(សៀមរាប)៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្តេជ្ញាប្រយុទ្ធប្រឆាំងជាមួយទង្វើក្បត់ជាតិដោយមិនរាថយនោះឡើយ ហើយទង្វើក្បត់ជាតិនេះ នឹងមិនបញ្ចប់ត្រឹមការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ព្រោះជាសំណុំរឿងដែលបានរៀបចំឡើងជាប្រព័ន្ធ។

ការថ្លែងប្តេជ្ញាប្រយុទ្ធប្រឆាំងជាមួយទង្វើក្បត់ជាតិ និងបន្តចាប់ការអ្នកពាក់ព័ន្ធក្នុងសំណុំរឿងក្បត់ជាតិនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសណ្ឋាគារសុខាខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «យើងមិនអនុញ្ញាត និងផ្តល់ឱកាសឲ្យនរណាក៏ដោយដែលបំផ្លាញដល់សន្តិសុខជាតិរបស់យើងនោះទេ យើងមិនផ្តល់ឱកាសដាច់ខាតហើយ។ យើងកំពុងធ្វើសកម្មភាពបន្តទៅទៀត មិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ សូមផ្តាំឲ្យហើយ មិនមែនបញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ ព្រោះជាការរៀបចំ និងធ្វើសកម្មភាពជាប្រព័ន្ធតែម្តង [...]។ សូមបញ្ជាក់ឲ្យហើយមិនទាន់បញ្ចប់ត្រឹមចាប់មនុស្សម្នាក់ទេ រឿងវាមានសំណុំរបស់វា យើងមិនអនុញ្ញាតឲ្យអ្នកបន្តទង្វើក្បត់បំផ្លាញជាតិបំផ្លាញសន្តិសុខនោះទេ មានសន្តិភាព ទើបមានការអភិវឌ្ឍ»

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តទៀតថា «មិនអាចគិតធ្វើអ្វីបានស្រេចតែចិត្ត ហើយធ្វើជាខ្ញុំបម្រើបរទេស ដើម្បីមកបំផ្លាញខ្មែរនោះទេ មិនអនុញ្ញាតដាច់ខាតហើយ យើងហ៊ានធ្វើ ហ៊ានប្រឈមគ្រប់បញ្ហា»

សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលបានខិតខំស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា រហូតប្រថុយយកអាយុជីវិតទៅចរចា ជាមួយកងទ័ពខ្មែរក្រហមនោះ បានថ្លែងបញ្ជាក់ជាមួយសម្តីធ្ងន់ៗថា សម្តេចនឹងមិនអនុញ្ញាតឲ្យមានឧទ្ទាមនៅក្នុងក្រុងមកបំផ្លាញសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនោះឡើយ។

ពីលើទឹកដីនៃខេត្តសៀមរាប ទីកន្លែងដែលគេលួចធ្វើឃាតសម្តេចតាមរយៈការបាញ់បេកាលពី ១៩ឆ្នាំមុននោះ (២៤ កញ្ញា ១៩៩៨) សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកផងដែរ ពីរឿងរ៉ាវនៃការលួចធ្វើឃាតសម្តេចនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីតែអំណាចពួកគេហ៊ានលើកដៃសម្លាប់សម្តេច ដូច្នេះសម្តេចក៏មិនខ្លាចនឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកម្ចាត់ជនក្បត់ជាតិរក្សាសុខសន្តិភាព និងរក្សាអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរនោះដែរ។

សម្តេចតេជោ បានថ្លែងថា «គេលើកដៃប្រហារជីវិតខ្ញុំតាមរយៈដាក់បង្កៃគ្រាប់បែក៤គ្រាប់ ដែលអាចថា គ្មានឆ្អឹងគ្មានឆ្អែងទេ បើសិនជាវាផ្ទុះទាំង៤គ្រាប់។ ម៉េចក៏គេអាចធ្វើបាន រីឯខ្ញុំគ្រាន់តែអនុវត្តន៍ច្បាប់ ដែលបានចែងថា អំពើក្បត់ជាតិវាត្រូវមានទោសបែបណា ម៉េចក៏ខ្ញុំធ្វើមិនបាន? ខ្ញុំធ្វើមិនមែនដើម្បីជីវិតរបស់ខ្ញុំម្នាក់ទេ ដើម្បីសេចក្តីសុខរបស់ប្រទេសមួយ​ ប្រជាជាតិមួយ ហើយក៏ដើម្បីឯករាជ្យភាព ប្រជាធិបតេយ្យរបស់ប្រទេសមួយដែរ ម៉េចក៏យើងធ្វើមិនបាន?»

ពាក់ព័ន្ធការចាត់វិធានការផ្លូវច្បាប់ទៅលើលោក កឹម សុខា ប្រធានគណបក្សប្រឆាំងនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន បន្តចោទសួរទៀតថា «គេទម្លាក់គ្រាប់បែកលើប្រទេសរបស់យើងសម្លាប់ប្រជាជនយើងរាប់សែន រាប់លាននាក់ម៉េចក៏គេធ្វើបាន? អង្គការសហប្រជាជាតិ ទទួលស្គាល់ខ្មែរក្រហមឲ្យអង្គុយនៅអង្គការសហប្រជាជាតិ ម៉េចក៏គេធ្វើបាន ឯខ្ញុំគ្រាន់តែដឹកនាំដើម្បីអនុវត្តច្បាប់ការពារនូវសន្តិសុខជាតិ ការពារឯករាជ្យ អធិបតេយ្យរបស់ប្រទេសម៉េចក៏ធ្វើមិនបាន»

ទន្ទឹមនឹងការប្រកាសប្តេជ្ញាប្រយុទ្ធប្រឆាំងជាមួយទង្វើក្បត់ជាតិហើយនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរត្រូវរួមគ្នាថែរក្សា និងការពារសុខសន្តិភាពរបស់ប្រទេសជាតិ ដែលមាននាពេលបច្ចុប្បន្ន ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ជាតិ និងជីវភាពរបស់ខ្លួនឲ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់​លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនបន្ទាប់ពីលោក កឹម សុខា តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញព័ត៌មាន CBN បានរៀបរាប់ពីការរៀបចំផែនការមួយចំនួន ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយជ្រោមជ្រែងពីសហរដ្ឋអាមេរិក។

លោក កឹម សុខា ត្រូវបានលោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​ និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស «ក្បត់​ជាតិ​» ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​។

ពាក់ព័ន្ធទង្វើក្បត់ជាតិរបស់លោក កឹម សុខា នេះដែរ នៅពេលថ្មីៗនេះ គណបក្សនយោបាយចំនួនពីរ គឺគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ បានប្រកាសដាក់ពាក្យប្តឹងសុំរំលាយគណបក្សសង្រ្គោះជាតិផងដែរ៕