(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី​៥០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលចេញផ្សាយនៅពឹ្រកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្ដិច។

សេចក្ដីជូនដំណឹង សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញពីប្រទេសកម្ពុជា ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ដែលតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ ផ្ទាល់តែម្ដង៕