(កំពង់ឆ្នាំង)៖ ឈើអារប្រភេទប្រណិត (ធ្នង់) និងឈើអារជ្រុងប្រភេទក្រៅលំដាប់ថ្នាក់ (រាជកុល) ច្រើនម៉ែត្រគូប ត្រូវបានកងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ សហការគ្នារុករកឃើញ និងធ្វើការបង្រ្កាបនៅកន្លែងផ្សេងៗ ក្រោយធ្វើការបង្ក្រាបរថយន្តយីឌុប ដឹកឈើខុសច្បាប់ រួមទាំងឃាត់ខ្លួនមនុស្សចំនួន២នាក់ នៅខេត្តកំពង់ឆ្នាំង កាលចុងខែកញ្ញាថ្មីៗនេះ។

ប្រតិបត្តិការខាងលើធ្វើឡើងនាល្ងាចថ្ងៃទី២៩ ខែកញ្ញា រហូតដល់ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ដែលមានចំនួន៣គោលដៅទី១ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហុល ស្រី ភេទស្រី និងទី២ ត្រង់ចំណុចក្នុងចំការក្បែផ្ទះអ្នកភូមិដែល (សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ) ពីចំណុចនេះស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង និងទី៣ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សៀប សំអឿន ភេទស្រី ស្ថិតក្នុងភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មន្រ្តីកងរាជអាវុធហត្ថ ដែលបានចុះប្រតិបត្តិការងារខាងលើនេះបានឲ្យដឹងថា ទីតាំងទី១៖ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហុល ស្រី ភេទស្រី បានរកឃើញឈើអារប្រភេទប្រណិត (ធ្នង់)ចំនួន ៣២៨ដុំ មានទម្ងន់ចំនួន៤៧២៨គីឡូក្រាម ស្មើរនឹងចំនួន ៣,៦៣៦ម៉ែត្រត្រីគុណ នៅក្នុងរោង ជាប់ផ្ទះផ្នែកខាងក្រោយហើយវត្ថុតាងឈើប្រភេទប្រណិត (ធ្នង់) ទាំងអស់នេះ បានប្រគល់ឲ្យជំនាញគ្រប់គ្រងនៅទីនោះ គឺរដ្ឋបាលព្រៃឈើ (ផ្នែករដ្ឋបាលព្រៃឈើវាលវែង) យករក្សាទុកជាបណ្ណោះអាសន្ន។

ទីតាំងទី២៖ នៅត្រង់ចំណុចក្នុងចំការក្បែផ្ទះអ្នកភូមិដែល (សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ) ក្នុងនោះបានរកឃើញឈើប្រភេទប្រណិត (ធ្នង់) ចំនួន២៥៣ដុំ មានទម្ងន់ចំនួន ៣៦៥៦គីឡូក្រាម ស្មើរនឹងចំនួន២,៨១២ម៉ែត្រត្រីគុណទៀតដែរ ហើយវត្ថុតាងឈើប្រភេទប្រណិត (ធ្នង់) ទាំងអស់ បានប្រគល់ជំនាញគ្រប់គ្រងនៅទីនោះ គឺមន្រ្តីបរិស្ថានឧទ្យាននុរក្សកណ្ដាលជួរភ្នំក្រវាញ (ស្នាក់ការត្រពងពង្ស) យកទៅរក្សាទុកជាបណ្ណោះអាសន្ន។

ដោយឡែកទីតាំងទី៣៖ នៅត្រង់ចំណុចផ្ទះឈ្មោះ សៀប សំអឿន ភេទស្រី ត្រូវបានរកឃើញឈើប្រភេទប្រណិត (ធ្នង់) នៅក្នុងបន្ទប់ក្រោមផ្ទះផ្នែង ខាងក្រោយចំនួន ៤៥០ដុំ មានទម្ងន់ចំនួន ៦១៣៨គីឡូក្រាម ស្មើរនឹងចំនួន ៤,៧២១ម៉ែត្រត្រីគុណថែមទៀត ហើយវត្ថុតាងឈើប្រភេទប្រណិត (ធ្នង់) ទាំងនេះ បានប្រគល់ឲ្យជំនាញគ្រប់គ្រងនៅទីនោះ គឺមន្រ្តីរដ្ឋបាលព្រៃឈើ (ផ្នែករដ្ឋបាលព្រៃឈើភ្នំក្រវាញ) យកទៅរក្សាទុកជាបណ្ណោះអាសន្ន ហើយចំណុចដដែលនេះ ដែរបានរកឃើញឈើអារជ្រុងប្រភេទ ក្រៅលំដាប់ថ្នាក់ (រាជកុល) ចំនួន ១៧ដុំ ស្មើរនឹងចំនួន ៦,៣០០ម៉ែត្រត្រីគុណ បន្ថែមទៀត ដូច្នេះវត្ថុតាងឈើទាំងពីប្រភេទសរុប៖ ឈើប្រភេទប្រណិត (ធ្នង់)ចំនួន ១០៣១ដុំ មានទម្ងន់ចំនួន ៦៨.៥២២គីឡូក្រាម ឈើប្រភេទក្រៅលំដាប់ថ្នាក់ (រាជកុល) ចំនួន១៧ដុំ ស្មើរនឹងចំនួន ៦,៣០០ម៉ែត្រត្រីគុណ។

គួររំលឹកថា៖ កាលពីវេលាម៉ោង៥៖៣០នាទីល្ងាច នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិ.ឃុំសេដ្ឋី ស្រុកសាម្គីមានជ័យ ខេត្តកំពង់ឆ្នាំង កម្លាំងធ្វើការបង្រ្កាបរថយន្តយីឌុប ពាក់ស្លាកលេខកំពត 3A-0251 ១គ្រឿង ដឹកឈើប្រភេទប្រណិត (ធ្នង់) ពេញ ដែលមានចំនួន ៩២១ដុំ មានទម្ងន់ចំនួន ១៦៧៣០គីឡូក្រាម ស្មើរនឹងចំនួន ១៤,៥៤៧ម៉ែត្រត្រីគុណ និងបានឃាត់ខ្លួនមនុស្សចំនួន ២នាក់ ទី១៖ ឈ្មោះ សម្បាតិ ប៊ន និងទី២៖ ឈ្មោះ អែម ហ៊ុន ហើយវត្ថុតាងទាំងរថយន្តទាំងឈើប្រភេទប្រណិត (ធ្នង់) និងជនពាក់ព័ន្ធបានប្រគល់ឲ្យមន្រ្តីជំនាញ (ផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច) យកទៅរក្សាទុកជាបណ្ណោះអាសន្ន ដោយបង្រ្កាបរថយន្តដឹកឈើ រួមទាំងឃាត់ខ្លួនមនុស្ស២នាក់នេះ ទើបឈានដល់ការស្រាវជ្រាវបង្រ្កាបជាបន្តបន្ទាប់បែបនេះ ហើយក៏បានកំណត់មុខសញ្ញាជនសង្ស័យជាប់ពាក់ព័ន្ធអស់ហើយផងដែរ កំពុងបំពេញសំណំបែបបទតាមនីតិវិធីដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការដោះស្រាយតាមនីតិវិធីច្បាប់៕