(បន្ទាយមានជ័យ )៖ ​កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ សហការជាមួយកម្លាំងគយចល័តក្រសួង ប្រចាំខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបការនាំម៉ូតូ ស៊េរីទំនើបចំនួន៨គ្រឿង គេចពន្ធនាំចូលពីប្រទេសថៃ នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ យ៉ាន់ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសីរីសោភ័ណ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧នេះថា ក្រោមបទបញ្ជារបស់លោកវរសេនីយ៍ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងការសើ្នកិច្ចសហការពីអង្គភាពគយចល័ត នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ(គយក្រសួង) ប្រចាំខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថក្រុង បានសហការចុះបង្រ្កាបម៉ូតូស៊េរីទំនើបគេចពន្ធ នាំចូលពីប្រទេសថៃ បានចំនួន៨គ្រឿង ដែលរួមមាន៖ ម៉ាកហុងដា Hongda ZOME X. ៤គ្រឿង,ម៉ាកហុងដាឃ្លិច ((Hongda Click) ២គ្រឿង, ម៉ាកម៉ាកអឹមស្ទេស១គ្រឿង និងម៉ាកយ៉ាម៉ាហា (YAMAHA) ១គ្រឿង។

លោក យ៉ាន់ សុវណ្ណ បានបន្តថា ក្រោយពីបង្ក្រាបរួច មេបញ្ជការ អ.ហ ខេត្តបានបញ្ជាឲ្យប្រគល់ម៉ូតូទាំងនោះជូនលោក សូវណ្ណារី ប្រធានគយចល័តក្រសួង ប្រចាំខេត្តបន្ទាយមានជ័យ ដែលទើបវិលមកកាន់តំណែងនេះជាថ្មី ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕