(សៀមរាប)៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សណ្ឋាគារសុខាខេត្តសៀមរាប ដែលបើកសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ លើផ្ទៃដីប្រមាណ ២៤ហិកតា ដោយជួលពីអាជ្ញាធរអប្សរា ដោយចំណាយថវិកាប្រមាណ ១៤០លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សណ្ឋាគារសុខាខេត្តសៀមរាប អាចចាត់ទុកបានថា ជាសណ្ឋាគារធំជាងគេនៅខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន បានអរគុណនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានសាងសង់សណ្ឋាគារដ៏ប្រណីតនេះ ដែលអាចជួយឲ្យកម្ពុជាមានលទ្ធភាព ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗបាន។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ អាចនឹងធ្វើនៅក្នុងខេត្តសៀមរាប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈកំណើនសណ្ឋាគារ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាប បានកើតកើនឡើងជារៀងរាល់ឆ្នាំផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយពេលប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍នៅក្នុងខេត្តសៀមរាប មានសណ្ឋាគារចាស់តែពីរប៉ុណ្ណោះ។ ស​ម្តេចបានរំលឹកទៀតថា នៅអំឡុងទសវត្សរ៍ឆ្នាំ៩០ រដ្ឋាភិបាលជប៉ុន អនុញ្ញាតឲ្យពលរដ្ឋខ្លួនមកលេងកម្ពុជាតែក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញប៉ុណ្ណោះ ដោយសារតែពេលនោះកម្ពុជាមិនទាន់មានសុខសន្តិភាពពេញលេញ។

* សម្តេចតេជោ ហ៊ុន សែន នៅតែបានរំលឹកពីសម្តីរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី លោក ហ្គោ ជុនតុង ដែលបានផ្តល់ទស្សនៈឲ្យអភិវឌ្ឍន៍ ខេត្តសៀមរាបទៅជាតំបន់ទេសចរណ៍ នាអំឡុងឆ្នាំ១៩៩៤។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបានរំលឹកពីការផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនអាកាសចរណ៍ «បាងកកអ៊ែរ» ក្នុងការហោះហើរមកកាន់ប្រទេសកម្ពុជា កាលពីអតីតកាលផងដែរ។ ការផ្តល់សិទ្ធិនេះដោយសារតែក្រុមហ៊ុននេះ ជាក្រុមហ៊ុនដែលហ៊ានបើកការហោះហើរមកកាន់ប្រទេសកម្ពុជាមុនគេ ខណៈក្រុមហ៊ុនដទៃរត់ចោលប្រទេសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរ ពីការផ្ទុះនូវការតវ៉ាមួយចំនួនពីអ្នករកស៊ីលើវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ ដើម្បីរារាំងមិនឲ្យមានការហោះហើរត្រង់មកខេត្តសៀមរាប។ តែទីបំផុតទៅការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ធ្វើឲ្យអ្នកតវ៉ាទាំងនោះទទួលបានប្រយោជន៍ពីនយោបាយនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយថ្ងៃមានជើងហោះហើរចុះចតនៅខេត្តសៀមរាបប្រមាណ ៤៤ជើង។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កត្តាដែលធ្វើឲ្យខេត្តសៀមរាបទទួលបានអំណោយផលខ្ពស់លើវិស័យទេសចរ ដោយសារតែកម្ពុជាមានសន្តិសុខ និងសន្តិភាព។ បើគ្មានកត្តាទាំងនេះទេ គ្មាននរណាមកវិនិយោគនៅសៀមរាប ហើយក៏គ្មានអ្នកទេសចរមកលេងកម្សាន្តនោះដែរ។

* សម្តេចបានរំលឹកថា នៅឆ្នាំ១៩៩៣ ខេត្តសៀមរាបនេះ ត្រូវបានកងទ័ពខ្មែរក្រហមវាយចូលរហូតធ្វើកងកម្លាំងមួកខៀវមួយចំនួន ដែលចូលមករក្សាសន្តិភាពនៅកម្ពុជានោះ បានរងរបួសផងដែរ។ របួសនោះដោយសាររត់បុកដើមឈើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តសៀមរាប គឺជាកំណប់ទ្រព្យដ៏ធំរបស់កម្ពុជា ដែលអតីតព្រះមហាក្សត្រ និងបុព្វបុរសខ្មែរបានបន្សល់ទុក នូវប្រាសាទអង្គរ និងប្រាង្គប្រាសាទដទៃទៀតជាច្រើនសម្រាប់ទាក់ទាញអ្នកទេសចរ។

* សម្តេចតេជោ បានបញ្ជាក់ថា តាមការដាក់ចេញដ៏ត្រឹមត្រូវនូវគោលនយោបាយទេសចរណ៍ និងវប្បធម៌របស់រាជរដ្ឋាភិបាល បានធ្វើឲ្យការអភិវឌ្ឍលើ វិស័យទេសចរនៅក្នុងខេត្តសៀមរាបទទួលបានផលយ៉ាងល្អប្រសើរ។

* សម្តេចបញ្ជាក់ថា នៅសៀមរាបនេះ បញ្ហាត្រូវយកចិត្តទុកដាក់បន្ត គឺត្រូវធានាឲ្យបាននូវសន្តិសុខ និងសន្តិភាព។ បើគ្មានសន្តិសុខ ឬមានការវាយប្រហារដោយភេរវកម្មណាមួយកើតឡើងវិស័យទេសចរណ៍នឹងរងផលប៉ះពាល់។ ដូច្នេះការយកចិត្តទុកដាក់លើសន្តិសុខ និងសណ្តាប់ធ្នាប់ គឺជារឿងសំខាន់សម្រាប់ទាក់ទាញអ្នកទេសចរ។

* សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្មានការអភិវឌ្ឍណាមួយធ្វើឡើងក្រោមគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ។

* សម្តេចបានបន្ថែមថា ទន្ទឹមបញ្ហាសន្តិសុខដែលជាបញ្ហាធំ ក៏ត្រូវផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ ហើយតំបន់ទេសចរណ៍កុំឲ្យមានបងតូច បងធំ មានគ្រឿងញៀន និងចោរឆក់។

* សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា ការដាក់ចេញរបៀបវារៈ និងគោលនយោបាយស្តីពីការអភិវឌ្ឍទេសចរណ៍ ទាក់ទិនជាមួយបដិសណ្ឋារកិច្ច និងការផ្តល់ទិដ្ឋាការ នៅពេលអ្នកទេសចរមកដល់ក៏ជាការសម្រួល និងទាក់ទាញសម្រាប់អ្នកទេសចរផងដែរ។

* សម្តេចតេជោថា ការផ្តល់ទិដ្ឋាការដល់អ្នកទេសចរពេលមកដល់នេះ គឺជារឿងត្រូវយកចិត្តទុកដាក់។ សម្តេចតេជោអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់នៅតាម អាកាសយានដ្ឋានរបស់កម្ពុជា ត្រូវសម្រួលដល់ការផ្តល់ទិដ្ឋាការឲ្យជនបរទេសធ្វើយ៉ាងណាឲ្យពួកគេមានភាពងាយស្រួល និងកុំឲ្យមានការធុញទ្រាន់។

* សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់ការទូន្មានទៀតថា ត្រូវរួមគ្នាធ្វើយ៉ាងណាទាក់ទាញទឹកចិត្តភ្ញៀវទេសចរ ដោយឲ្យពួកគេមកលេងហើយ ចង់ត្រឡប់មកលេងម្តងទៀត ហើយថែមទាំងនាំក្រុមគ្រួសារ ឬមិត្តភក្តិរបស់ពួកគេមកជាមួយផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសម្តីនាយករដ្ឋមន្រ្តីអាហ្សង់ទីន ដែលបានបង្ហាញពីការទាក់ទាញលើវិស័យទេសចរណ៍នៅកម្ពុជា ដោយមិនត្រឹមតែ ទាក់ទាញរូបលោកឲ្យមកលេងកម្ពុជានោះទេ ថែមទាំងបានទាក់ទាញកូនៗរបស់លោកឲ្យមកលេងកម្ពុជាផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានប្រដូចការអូសទាញអ្នកទេសចរទៅនឹងការលក់ទំនិញផងដែរ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការអូសទាញឲ្យគេទិញទំនិញ លើកដំបូងជារឿងមួយ តែសំខាន់ត្រូវឲ្យគេមកទិញទំនិញលើកក្រោយទៀត ទើបជារឿងសំខាន់។

* សម្តេចតេជោ បានបន្ថែមទៀតថា ការប្រើប្រាស់រូបិយបណ្ណក៏ជាចំណុចខ្លាំងរបស់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា មានការបន្ទោសបង្អាប់មួយចំនួនមករាជរដ្ឋាភិបាល មិនមានឯករាជ្យលើការប្រើប្រាស់រូបិយបណ្ណផ្ទាល់ខ្លួន។ តែសម្តេចរំលឹកថា លើពិភពលោកនេះមិនទាន់មានប្រទេសណាប្រើប្រាស់ដាច់ខាតលើរូបិយបណ្ណរបស់ពួកគេនោះទេ។

* សម្តេចតេជោ ថ្លែងថា ការឲ្យចរាចរណ៍រូបិយបណ្ណច្រើននេះ គឺបានអនុញ្ញាតឲ្យភ្ញៀវទេសចរអាចកាន់រូបិយបណ្ណរបស់ពួកគេមកកម្ពុជា ដោយមិនបាច់ប្តូរប្រាក់នោះឡើយ។ សម្តេចបានគូសបញ្ជាក់ថា ការលើកឡើងបែបនេះមិនមែនមានន័យមិនលើកកម្ពស់លុយរៀលនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈចំនួនអ្នកទេសចរនេះ គឺបានរួមចំណែកខ្លាំងដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រោះថា អ្នកទេសចរបានហូបចុកច្រើន ដែលជាការផ្តល់ចំណែកទីផ្សារដ៏ធំសម្រាប់កសិផលរបស់ខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន ការផ្គត់ផ្គង់កសិផលទៅតាមសណ្ឋាគារ និងតាមកន្លែងទេសចរណ៍ គឺជាចរន្តផ្គត់ផ្គង់កសិផលនៅនឹងកន្លែង។ សម្តេចតេជោ ឲ្យបំផុសកសិករធ្វើការដាំដុះ ហើយជំរុញការនាំចូលទៅតាមសណ្ឋាគារ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យបង្កើនសុវត្ថិភាពចំណីអាហារ ដោយមិនត្រូវបណ្តោយឲ្យភ្ញៀវបរិភោគហើយត្រូវរាគរូសនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុំឲ្យប្រជាពលរដ្ឋបញ្ឈប់ការទិញបន្លែបង្កាមានជាតិគីមី ដើម្បីបញ្ចប់ការនាំចូលបន្លែបង្កាមានជាតិគីមី ហើយមុននឹងទិញត្រូវពិនិត្យឲ្យបានច្បាស់។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យជំរុញការដាំដុះបន្លែបង្កាគ្មានជាតិគីមី ដើម្បីផ្គត់ផ្គង់នៅតាមសណ្ឋាគារ និងកន្លែងផ្តល់សេវាកម្មទេសចរ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រសួងកសិកម្ម ត្រូវធ្វើការងារជាមួយកសិករ ដើម្បីបង្កើតជាក្រវាត់បៃតង តាមរយៈការដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២០ ត្រូវសម្រេចគោលដៅអូសទាញអ្នកទេសចរឲ្យបាន ៧លាននាក់ក្នុងមួយឆ្នាំ។ សម្តេចរំពឹងថា នឹងអាចសម្រេចនូវគោលដៅនេះ ហើយកត្តាជំរុញឲ្យសម្រេចនូវផែនការនេះ គឺត្រូវពង្រីកការហោះហើរ។

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការទប់ស្កាត់ និងទប់ទល់ការបំផ្លាញសន្តិសុខជាតិនេះ មិនមែនបញ្ចប់ត្រឹមការចាប់ខ្លួនរបស់លោក កឹម សុខា នោះទេ ព្រោះថាសកម្មភាពនេះធ្វើឡើងជាប្រព័ន្ធ។ សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់នឹង បំផ្លាញសន្តិសុខជាតិនោះទេ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនអនុញ្ញាតឲ្យបម្រើបរទេសមកបំផ្លាញខ្មែរដាច់ខាតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពរកបានមកលំបាកណាស់ ដូច្នេះមិនអនុញ្ញាតឲ្យមានក្រុមឧទ្ទាមក្នុងទីក្រុង ដើម្បីបំផ្លាញសុខសន្តិភាពរបស់ប្រទេសនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បាននិទានពីរឿង ដែលគេបាញ់សម្តេចនៅលើទឹកដីនៃខេត្តសៀមរាបកាលពី១៩ឆ្នាំមុន (២៤ កញ្ញា ១៩៩៨-២៤ កញ្ញា ២០១៧)។ សម្តេចបានរំលឹកថា មុនពេលគេបាញ់សម្តេចមួយថ្ងៃ គឺថ្ងៃទី២៣ សម្តេចបានទៅចាក់គម្ពីត្រូវត្រង់គេយកទៅប្រហារជីវិតតែមិនសម្រេច ហើយក៏ត្រូវបានឡើង ធ្វើជាស្តេចតែម្តង។ សម្តេចបន្តថា នៅថ្ងៃគេបាញ់សម្តេចនោះ គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយសម្តេចហៅភ្លៀងនោះថា ជាភ្លៀងបង្កឡើដោយអ្នកមានបារមីថែរក្សា ព្រះរាជាណាចក្រកម្ពុជា និងថែរក្សាទឹកដីអង្គរ ដើម្បីទុកសម្តេចបង្រ្កាបទមិឡទាំងឡាយ។

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានថ្លែងខ្លាំងៗថា គេហ៊ានលើកដៃសម្លាប់សម្តេចគេអាចធ្វើទៅបាន រឿងអីដែលសម្តេចមិនអាចអនុវត្តច្បាប់ ដើម្បីជាតិ និងប្រជាជន ចំពោះជនក្បត់ជាតិ។

* TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា អាមេរិកទម្លាក់គ្រាប់បែកសម្លាប់ខ្មែរ អង្គការសហប្រជាជាតិទទួលស្គាល់ខ្មែរក្រហម ដែលជារបបប្រល័យពូជសាសន៍ខ្មែរ ហេតុអីក៏គេអាចធ្វើទៅ រីឯសម្តេចត្រឹមតែអនុវត្តន៍ច្បាប់ ដើម្បីការជាតិ និងប្រជាជនហេតុអ្វីក៏ធ្វើមិនបាន។ សម្តេចបញ្ជាក់ថា សម្តេចមិនរាថយនោះឡើយ សម្តេចនឹងបន្តអនុវត្តន៍វិធានការច្បាប់ ដើម្បីការពារជាតិ និងប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យរួមគ្នា ថែរក្សាសុខសន្តិភាពនេះ បើមិនដូច្នោះទេការបំភ្លេចបំផ្លាញជាតិនឹងកើតមាន។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្តធ្លាក់ភ្លៀង ដែលអាចបង្កជាទឹកជំនន់។ សម្តេចតេជោ ក៏បានថ្លែងឲ្យរិះរកវិធានការ ដើម្បីបង្ហូរំដោះទឹក ដែលក្នុងនោះរួមមានទាំងខេត្តសៀមរាបផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩៖៤៤នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះទស្សនាការផ្សាយផ្ទាល់៕