(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និងសហការី នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន​ ពីព្រះធម្មធរគណ តង់ តន ព្រះចៅអធិការវត្តព្រះព្រហ្មរ័ត្ន និងពុទ្ធបរិស័ទ ចំណុះជើងវត្តព្រះព្រហ្មរ័ត្ន​។

មានសង្ឃដីកានាឱកាសនោះ ព្រះធម្មធរគណ តង់ តន មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយសម្រាលទុក្ខលំបាក របស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង។

ជាមួយគ្នានោះ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ​ក៏បានថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌របស់ ព្រះធម្មធរគណ តង់ តន និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រះព្រហ្មរ័ត្ន ក្នុងការយកព្រះទ័យទុកដាក់ប្រទាននូវទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាផង គឺសបញ្ជាក់ពីព្រះទ័យដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃ ក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

​គ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋ ទទួលរងនូវប្រធានសក្ត័ណាមួយ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ទេយ្យទានដែលបានទទួលមាន៖ ​អង្ករ៦០០គីឡូក្រាម, មី៥០កេស, ត្រីខ៥០យួរ, តែ៥០០កញ្ចប់, ប្រេងឆា៤ដបធំ, ទឹកបរិសុទ្ធ១០កេស, សាដកធំ២, ធុងជ័រ២, ទឹកដៅគោខាប់២កេស, ទឹកត្រី៧យួរ,​ ទឹកស៊ីអ៊ីវ១០យួរ, ទឹកក្រូច១២កេស និងថវិកា​២លានរៀល៕