(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីពី សម្ដេចវិបុលសេនា​ភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោកស្រី កែវ សុធារី ពីអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅក្រសួងធម្មការ និងសាសនា ដោយរក្សាទុកក្របខ័ណ្ឌ និងឋានន្ដរស័ក្ដនៅដដែល។ នេះបើតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។

ព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី បញ្ជាក់យ៉ាងដូច្នេះថា «ត្រាស់បង្គាប់ បញ្ចប់ភារកិច្ចលោកជំទាវ កែវ សុធារី ពីអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅក្រសួងធម្មការ និងសាសនា ដោយរក្សាទុកក្របខ័ណ្ឌ និងឋានន្ដរស័ក្ដិនៅដដែល»។

ទន្ទឹមនឹងសម្ដេច សាយ ឈុំ ចេញព្រះរាជក្រឹត្យបញ្ចប់ភារកិច្ចនេះ ​មន្ដ្រីមួយចំនួននៅក្រសួងធម្មការ បានលួចបង្ហើបមកកាន់អង្គភាព Fresh News ឲ្យដឹងថា ការបញ្ចប់មុខតំណែងលោកស្រី កែវ សុធារី បានធ្វើឡើងក្រោយពីមានពាក្យប្ដឹង និងមានការមិនពេញចិត្តយ៉ាងច្រើនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីក្នុងក្រសួង ដោយបូករួមទាំងប្រធានមន្ទីរក្រសួងធម្មការទូទាំងប្រទេស ដោយសារតែលោកស្រី កែវ សុធារី បានកាត់របរ និងស៊ីដាច់លុយ របស់ពួកគេយ៉ាងច្រើន។

មន្ដ្រីទាំងនេះបានបញ្ជាក់ទៀតថា លោកស្រី កែវ សុធារី ជាអ្នកកាន់កាប់លុយនៅក្នុងក្រសួង ជាមួយប្ដីរបស់ខ្លួន ដែលមានតួនាទីក្នុងការិយាល័យ ដោយមានការកាត់លុយនៅមន្ទីរ និងប្រធាននាយកដ្ឋាននានាអស់រាប់សិបលានរៀល ក៏ប៉ុន្ដែពួកគេមិនហ៊ានចេញមុខតវ៉ាឡើយ ហើយលោកស្រី ​ក៏ធ្លាប់ត្រូវបានថ្នាក់ដឹកនាំក្រសួង ហៅទៅសួរនាំពីតួនាទី និងភារកិច្ចលើការប្រព្រឹត្តរបស់លោកស្រី រួចមកហើយផងដែរ។

បន្ទាប់ពីប្រមុខរដ្ឋស្ដីពី ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងនេះ មន្ដ្រី និងប្រធានមន្ទីរទាំងអស់ បានសាទរយ៉ាងខ្លាំងផងដែរ។ ប៉ុន្ដែបើទោះបី លោកស្រី កែវ សុធារី ត្រូវបានប្រមុខរដ្ឋស្ដីបញ្ចប់មុខតំណែងទៅហើយក្ដី ក៏រាល់ថ្ងៃនេះគេនៅសង្កេតឃើញវត្តមាន​លោកស្រី នៅបន្ដការងារ​កាន់កាប់លុយ និងចាត់ចែងកិច្ចការប្រជុំដូចធម្មតាដដែល។

​ក្រុមមន្ដ្រីទាំងអស់នោះបានចាត់ទុកថា នេះជាគំរូដឹកនាំមួយដ៏របស់ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ដែលបានស្នើទៅព្រះមហាក្សត្រ ឲ្យបញ្ចប់មុខតំណែងមន្ដ្រីដែលប្រព្រឹត្តមិនល្អក្នុងតួនាទី និងអំពើលុយរលួយជាច្រើនលើកច្រើនសារ៕