(សៀមរាប)៖ សម្ដេចចៅហ្វាងវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំ នៅវេលាម៉ោង០៤ល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញផ្ដល់ភ្លើងបូជាសព លោកតាព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ ដែលជាស្ថាបត្យករដ៏ល្បាញល្បីរបស់កម្ពុជា។

ពិធីបូជាសពស្ថាបត្យករដ៏ល្បីរបស់កម្ពុជា ក៏មានការចូលរួមពី លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ឃឹម ប៊ុនស៊ុង អភិបាល​ខេត្តសៀមរាប និងព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ ចូលរួមដង្ហែរសព​ទៅបូជានៅវត្តព្រះឥន្ទកោសីយ៍ផងដែរ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានថ្លែងថា មរណៈភាពរបស់លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ គឺជាការបាត់បង់យ៉ាងធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែជាការបាត់បង់បញ្ញវន្តដ៏សំខាន់ម្នាក់ ដែលជាទ្រទ្រង់វប្បធម៌ដ៏ល្បីល្បាញ និងជាវីរស្ថាបត្យករដ៏ឆ្នើមរបស់ជាតិខ្មែរមួយរូប ​ព្រមទាំងបានចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវប្បធម៌របស់ជាតិ។

សម្ដេចចៅហ្វាវាំង និងអ្នកចូលរួមទាំងអស់ សូមឧទ្ទិសបួងសួងគុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា បារមីថែរក្សាទឹកដីអង្គរ សូមប្រោសប្រទាន សព្វសាធុការពរ ជូនដួងវិញ្ញាណក្ខន្ធរបស់លោក វណ្ណ មូលីវណ្ណ បានអញ្ជើញទៅកាន់សុគតិភព ជាឋានប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លៀតឡើយ។

សូមបញ្ជាក់ថា ស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧​ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។

លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេ និងបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្មខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងខេត្តកំពត នៅឆ្នាំ១៩២៦។ ក្នុងឆ្នាំ១៩៤៦ គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

ស្នាដៃចំបងៗរបស់លោក វណ្ណ មូលីវណ្ណ រួមមាន​​៖ សាល​សន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡដ្ឋានជាតិអូឡាំពិក, សំណង់ «​ផ្ទះ១០០» ដែលត្រូវ​បាន​សាង​សង់​ សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា ​ស្នាក់នៅ​ (១៩៦៥-១៩៦៧), វិមានរដ្ឋចំការ​មន, សាល​មហោស្រព​ជាតិសុរាម្រឹត​, អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​ និងវិទ្យាស្ថាន​ភាសា​បរទេស ជាដើម៕