(ពិភពលោក)៖ ទោះបីមនុស្សរស់នៅលើពិភពផែនដីតែមួយ តែមិនមែនមានន័យថា លក្ខខ័ណ្ឌនៃការរស់នៅសុទ្ធតែដូចគ្នានោះទេ។ ប្រទេសខ្លះសម្បូរបែប ស្របពេលដែលប្រទេសខ្លះទៀតខ្វះខាត ប្រទេសខ្លះមានអាកាសធាតុត្រជាក់ខ្លាំង ចំណែកប្រទេសខ្លះមានអាកាសធាតុក្ដៅខ្លាំងបំផុត។ ខាងក្រោមនេះជាប្រទេសទាំង១០ ដែលមានអាកាសធាតុក្ដៅបំផុតលើពិភពលោក៖

១០៖ ប្រទេស ម៉ិចស៊ិកូ
ប្រទេសនេះធ្លាប់មានអាកាសធាតុក្តៅបំផុតរហូតដល់៥០អង្សាសេ។ តាមរយៈខ្សែភាពយន្តហូលីវូតបានបង្ហាញថា ប្រទេស ម៉ិចស៊ិកូ ជាប្រទេសដែលស្ងួត និងគ្រោះថ្នាក់មួយ។ ដោយឡែកស្ថានភាពនៅខាងក្រៅជាក់ស្តែង ក៏មិនខុសគ្នា។

៩៖ ប្រទេស សូម៉ាលី
អាកាសធាតុប្រទេសនេះក៏ធ្លាប់ឡើងកម្តៅខ្ពស់បំផុតរហូតដល់ ៥០អង្សាសេផងដែរ។ ប្រទេស សូម៉ាលី អាចមិនមែនជាប្រទេសដ៏មានសុវត្ថិភាពឡើយ ហើយជាប្រទេសដែលក្តៅបំផុតមួយលើពិភពលោក។

៨៖ ប្រទេស ឥណ្ឌា
ប្រទេស ឥណ្ឌាធ្លាប់មានអាកាសធាតុក្តៅបំផុតរហូតដល់ ៥០ អង្សាសេ នារដូវក្តៅ ក្នុងតំបន់កណ្តាល តំបន់ភាគខាងលិច និងភាគខាងត្បូងនៃប្រទេសនេះ។

៧៖ ប្រទេស ស៊ូដង់
ប្រទេស ស៊ូដង់ ជាប្រទេសមួយនៅភាគខាងជើងនៃទ្វីបអាហ្វ្រិក ដែលធ្លាប់មានអាកាសធាតុកើនឡើងខ្ពស់រហូតដល់៥២អង្សាសេ។ ក្នុងនាមជាដែនដីដែលសម្បូរដោយឆ្នេរខ្សាច់ ប្រទេសនេះត្រូវបានចាត់ទុកជាប្រទេសដែលមានអាកាសធាតុក្តៅមួយនៅលើពិភពលោក។

៦៖ ប្រទេស អូម៉ាន
ជារដ្ឋអារ៉ាប់ ត្រូវបានគេស្គាល់ថាជាប្រទេសអ្នកមានមួយនៅលើពិភពលោក ហើយក៏ជាប្រទេសដែលក្តៅខ្លាំងផងដែរ។ អាកាសធាតុអាចស្ថិតក្នុងចន្លោះចាប់ពី៥០ ទៅ៥៣អង្សាសេ(នៅរដូវក្តៅ)។

៥៖ ប្រទេស អ៊ីរ៉ង់
ការពិតនៅអ៊ីរ៉ង់ នៅរដូវរងាអាកាសធាតុប្រហែល ២៩អង្សាសេ និងធម្មតាចន្លោះពី ៤០ ទៅ៤៥អង្សាសេ ប៉ុន្តែវាអាចនឹងកើនឡើងរហូតដល់៥០អង្សាសេនៅរដូវក្តៅ។ ប្រទេសនេះ មានលក្ខណៈស្ងួតហួតហែង និងសោះកក្រោះខ្លាំង។

៤៖ ប្រទេស អាល់ហ្សេរី
នៅពេលក្ដៅខ្លាំង ប្រទេសនេះ មានអាកាសធាតុរហូតដល់ពី៥០ ទៅ៥៣អង្សាសេ ដោយតំបន់ដែលក្តៅបំផុតគឺ Salah។ តំបន់មាត់ឆ្នេរមានសំណាងដោយសារទទួលបានភ្លៀងធ្លាក់នៅពេលខ្លះ ដោយឡែកនៅតំបន់កណ្តាលវិញ គឺក្តៅជាខ្លាំង។

៣៖ ប្រទេស អ៊ីរ៉ាក់
ប្រទេសអ៊ីរ៉ាក់ ក្រៅពីមានសង្គ្រាមរ៉ាំរៃហើយ នៅប្រឈមមុខនឹងបញ្ហាជាច្រើនផ្សេងទៀត។ នៅក្នុងរដូវក្តៅ ប្រទេសនេះមានអាកាសធាតុចាប់ពី៤៨ ដល់៥៤អង្សាសេ ដោយឡែកសម្រាប់អាកាសធាតុទូទៅគឺប្រហែល៤០ អង្សាសេ។

២៖ ប្រទេស អារ៉ាប៊ីសាអូឌីត
នៅក្នុងរដូវក្តៅ ប្រទេសនេះ អាចមានអាកាសធាតុកើនឡើងរហូតដល់៥៤អង្សាសេ។ ប្រទេសនេះ មានវាលខ្សាច់ជាច្រើន ធ្វើឱ្យប្រទេសនេះមានលក្ខណៈស្ងួត និងដីគ្មានប្រយោជន៍សម្រាប់ប្រើប្រាស់កសិកម្ម។

១៖ ប្រទេស លីប៊ី
ក្នុងឆ្នាំ១៩២២ ប្រទេសនេះធ្លាប់មានអាកាសធាតុកើនឡើងរហូតដល់៥៧,៨អង្សាសេ ដែលអាជាអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រសកលលោក។ ឆ្នេរខ្សាច់ប្រទេស លីប៊ី បានគ្របដណ្តប់ទៅលើផ្ទៃដីភាគច្រើននៃប្រទេសនេះ ធ្វើឱ្យប្រទេសនេះមិនសូវមានភាពអំណោយផលផ្នែកកសិកម្ម៕