(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ គណៈប្រតិភូសភាសភាតំបន់អាស៊ី APA ទាំង២៦ប្រទេស បានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ រយៈពេល៤ថ្ងៃ។

សមាជិកសភាតំបន់អាស៊ីចំនួន២៦ប្រទេស ក្នុងចំណោម៤២ នឹងចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៃមហា សន្និបាតលើកទី១០ ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧នេះ នៅរាជធានីភ្នំពេញ ក្នុងនោះ សភានៃកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

សមាជិកសភាតំបន់អាស៊ី ដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនាពេលមាននេះ មាន ប្រទេសអាហ្គានីស្ថាន, ប៉ារ៉ែន, បង់ក្លាដេស, ប៊ូតាន, ចិន, ស៊ីព្រូស, ឥណ្ឌា, ឥណ្ឌូនេស៊ី, អ៊ីរ៉ង់,អ៊ីរ៉ាក់, ហ្សកដង់, គុយវ៉ែត,ឡាវ, ម៉ាឡេស៊ី, នេប៉ាល់, កូរ៉េខាងជើង, ប៉ាគីស្ថាន, ប៉ាឡេស្ទីន, រុស្ស៊ី, សោឌីអារ៉ាប់បី, ស៊ីរ៉ី, ថៃ, តួកគី, អារ៉ាប់រួម, វៀតណាម, និងកម្ពុជា។ ក្នុងចំណោមគណៈប្រតិភូសភាចំនួន២៦ប្រទេសនេះ មាន៣ប្រទេស ដឹកនាំដោយប្រធានស្ថាប័ននីតិប្បញ្ញត្តិ របស់គេ តែម្តង គឺមានប្រទេសប៉ាគីស្ថាន និងប៊ូតាន ដឹកនាំដោយប្រធានព្រឹទ្ធសភា។ វត្តមានសមាជិកសភាតំបន់អាស៊ី ចំនួន២៦ប្រទេស ដែលនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនាពេលនេះ ជាចំនួនច្រើន បើធៀបទៅនឹងកិច្ចប្រជុំនានា របស់វេទិកាសភានេះ នាពេលកន្លងមក។

គួរបញ្ជាក់ថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានសភាតំបន់អាស៊ី (APA)នឹងអញ្ជើញ ជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនេះ នាព្រឹកថ្ងៃទី២ ខែតុលា នៅសណ្ឋាគារសុខាភ្នំពេញ និង រ៉េស៊ីដង់។

លោក ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំនេះ បានគូសបញ្ជាក់ថា វត្តមាន សមាជិកសភាតំបន់អាស៊ី ក្នុងចំនួនច្រើនដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ បានបង្ហាញពីការជឿជាក់ និងការផ្តល់កិត្តិយសយ៉ាងធំធេង របស់ប្រទេសជាមិត្ត មកលើរាជរដ្ឋាភិបាលនិងសភាកម្ពុជា ដែលបានខិតខំយ៉ាងសកម្មក្នុងការស្វែងរកសន្តិភាព និងការថែរក្សាសន្តិភាពនៅក្នុងតំបន់និងពិភពលោកនោះ។

សូមជម្រាបថា សភាកម្ពុជា បានធ្វើជាប្រធានសភាតំបន់អាស៊ីនេះតំាងពីឆ្នាំ២០១៥មក ដោយអនុវត្តតាមធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃវេទិកាអន្តរសភាមួយនេះ។

សភាកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតចំនួនពីរឆ្នាំជាប់ៗគ្នា គឺមហាសន្និបាតលើកទី៨នៅឆ្នាំ២០១៥ មហាសន្និបាតលើកទី៩ នៅឆ្នាំ២០១៦ និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ និងគណៈកម្មាធិការអិចន្រ្តៃយ៍នៃស្ថាប័ននេះមួយចំនួនទៀត។ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិពេលនេះ ជាកាតព្វកិច្ចចុងក្រោយរបស់សភាកម្ពុជា ក្នុងតួនាទីជាប្រធានសភាតំបន់អាស៊ីនេះ។

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី នាពេលនេះ និងពិភាក្សា ឲ្យយោបល់ លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២៤ នៃគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន៤ របស់អេភីអេ ដែលមាន គណៈកម្មាធិការអិចន្រ្តៃយ៍ទទួលបន្ទុកកិច្ចការ នយោបាយមាន៧ សេចក្តីព្រាងសេចក្តីសម្រេច, គណៈកម្មាធិការអចិន្រ្តៃយ៍ ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព មាន ៦សេចក្តីព្រាងសេចក្តី សម្រេច, គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកបទប្បញ្ញត្តិហិរញ្ញវត្ថុ និងការគ្រប់គ្រង បុគ្គលិក រួមមាន ទី១សេចក្តីព្រាង សេចក្តីសម្រេច និង គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌ មាន១០សេចក្តីព្រាងសេចក្តី សម្រេច ។

លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នេះ នឹងបញ្ជួនទៅប្រជុំបន្តនៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហាសន្និបាតលើកទី១០ របស់សភាតំបន់អាស៊ី នៅប្រទេសតួកគី នៅខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ ប្រទេសតួកគី ទទួលធ្វើជាប្រធានសភាតំបន់អាស៊ីបន្តពីកម្ពុជា៕