(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានរិះគន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ថា ព្រះអង្គកំពុងវង្វេង នៅក្នុងអាណាចក្រ និងពុទ្ធចក្រហើយ ដោយហេតុថាសង្ឃអង្គនេះបាននឹងកំពុងឈ្លក់នឹងរឿងរ៉ាវ ដែលព្រះពុទ្ធបានដាក់បំរាម និងច្បាប់អាណាចក្រហាមឃាត់។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ បានធ្វើឡើង បន្ទាប់ពីតុលាការបានកោះហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ ឱ្យចូលបំភ្លឺនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ពាក់ព័ន្ធនឹងពាក់ព័ន្ធការបាត់បច្ច័យបុណ្យសពរបស់លោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត នាគ្រាដែលព្រះតេជគុណ ធ្វើជាគណៈកម្មការបុណ្យសព និងប្រមូលបច្ច័យ។

លោក ពេជ្រ ស្រស់ បានបន្តទៀតថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ «ខណៈនេះគួរតែធ្វើរឿងឲ្យស្របនឹងច្បាប់ កុំដើរតែចោទអ្នកដទៃតែផ្តេស តែផ្តាសនាំវិនាសដល់ខ្លួនឯង នោះទេ អ្វីដែលតេជគុណគួរធ្វើនោះគឺ៖ ១៖ ព្រះតេជគុណគួរចូលព្រះកាយទៅឆ្លើយបំភ្លឺតាម តុលាការឲ្យទាន់ពេលវេលា ដែលខាងតុលាការបានកំណត់ កុំឲ្យឆ្លងទៅបទល្មើសមួយទៀត។ ២៖ ព្រះតេជគុណគួរត្រៀមឯកសារក្នុងការបង្ហាញទៅតុលាការ ដើម្បីបញ្ជាក់រឿងពិតរបស់ខ្លួន។ ៣៖ ព្រះតេជគុណគួរតាំងចិត្ត ឲ្យក្លាហានដើម្បីជម្រះការសង្ស័យរបស់មហាជន។ ៤៖ ព្រះតេជគុណគួរសង្ឃដីការនូវអ្វីដែលជាការពិត ចំពោះមុខតុលាការ ជៀសវាងការមួលបង្កាច់អ្នកដទៃ។ ៥៖ ព្រះតេជគុណគួរបញ្ឈប់ការសង្ឃដីការរវើរវាយ កុំឲ្យមហាជនវាយតម្លៃព្រះពុទ្ធសាសនាមិនល្អ តាមរយៈការមានសង្ឃដីការរវើរវាយរបស់ព្រះតេជគុណ។

លោកបានថ្លែងបន្តទៀតថា «ប្រាំចំណុចខាងលើនេះ ព្រះតេជគុណគួរតាំងចិត្តឲ្យបានកុំឲ្យបទល្មើសថ្មីមួយទៀតចូលទៅក្នុងព្រះកាយរបស់ ព្រះតេជគុណ ធ្វើឲ្យខាងតុលាការបង្ខំចិត្ត ចាប់ផ្សឹកព្រះតេជគុណ នាំឲ្យមហាជនយល់ច្រឡំថាបណ្តឹងរបស់ខ្ញុំ ករុណាមានអនុភាពខ្លាំង»

សូមបញ្ជាក់ថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ត្រូវបានលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឱ្យចូលបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបាត់បច្ច័យបុណ្យសព លោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត។ ការកោះហៅនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក្នុងនោះព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវបានកំណត់ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងនៅថ្ងៃទី១១ ខែតុលា, លោក ប៉ា​ ងួនទៀត និងលោក មឿន តុលា ត្រូវកំណត់ឲ្យចូលទៅបំភ្លឺថ្ងៃ០៩ ខែតុលា ឆ្នាំ២០១៧៕