(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានកំណត់ពេលចន្លោះពី១០ ទៅ២០ថ្ងៃ ដើម្បីធ្វើការផ្លាស់ប្តូរ ស្លាកសញ្ញា គណបក្សថ្មីនៅទូទាំងប្រទេស ឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយដែលទើបនឹងចូលជាធរមានកន្លងទៅថ្មីៗនេះ។ នេះបើតាមការអះអាង របស់ លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

លោក ញ៉េប ប៊ុនជិន បានឱ្យដឹងថា ការកំណត់រយៈពេលនេះ គឺគិតចាប់ពីថ្ងៃដែលគណបក្សរៀបចំសមាជ កាលពីម្សិលមិញ ដោយក្នុងនោះគណបក្សគ្រោង នឹងចំណាយប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការដំឡើងស្លាកគណបក្សថ្មីនៅទូទាំងប្រទេសកម្ពុជាតែម្តង។

សូមបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបចំសមាជកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ ដោយសម្រេចឱ្យដករូបសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ចេញពីស្លាកសញ្ញាគណបក្ស ដើម្បីឲ្យសមស្របទៅតាមច្បាប់ស្តីពី គណបក្សនយោបាយថ្មី។ ស្លាកថ្មីរបស់​ គណបក្សហ្វ៊ុនស៊ិនប៉ិចនេះ មានអក្សរបាលី «ឧម» ដែលមានប្រភពនៃអំណាច និងកាំរស្មីទាំង២៥ តំណាងឲ្យរាជធានី-ខេត្ត ទាំង២៥ នៅទូទាំងប្រទេស។

ច្បាប់គណបក្សនយោបាយថ្មីៗនេះ មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណាមួយ នៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ឈ្មោះ ឬរូបរបស់ រូបវ័ន្តបុគ្គល នៅក្នុងឈ្មោះឬរូបសញ្ញា គណបក្សឡើយ។

ច្បាប់នេះ ក៏កំណត់មិនឱ្យ គណបក្សនយោបាយ ប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាព ណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ៕