(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំប្រជុំ​លើកទិសដៅឆ្ពោះទៅកាន់ការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដោយមានការចូលរួមពី លោកជាប្រធានក្រុមការងារ និងប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សក្រុង​ស្រុកផងដែរ​។

ក្នុងឱកាសនោះ លោក​ ឃឹម ប៊ុនសុង បានលើកឡើងពីគោលការណ៍មួយចំនួន ដែលគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានដាក់ចុះក្នុងគោលដៅឆ្ពោះទៅកាន់ភាពជោគជ័យ នៃការបោះឆ្នោតព្រឹទ្ធសភា​នាពេលខាងមុខ​។

លោកក៏បានគូសបញ្ជាក់ ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងគណបក្សក្រុង-ស្រុកទាំងអស់ គឺត្រូវត្រួតពិនិត្យផែនការការងារ និងកើនរំលឹកវិញអំពីផែនការកន្លងមក ព្រមទាំងលើកទិសដៅបន្ថែមសំដៅពង្រឹង និងជំរុញការធ្វើបញ្ជីបច្ចុប្បន្នភាព លើសៀវភៅគ្រួសារបក្ស និងជំរុញសមាជិកបក្សទាំងអស់ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ការក៏សាងសមាជិកបក្សក្នុងជួរយុវជន និងការត្រៀមលក្ខណៈឲ្យបានល្អ ក្នុងការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា នាពេលខាងមុខ។

​ប្រធានគណបក្សប្រជាជនខេត្តសៀមរាប ​ស្នើឲ្យ​ក្រុមការងារទាំងអស់ និងអាជ្ញាធរក្រុង ស្រុក រួមទាំងក្រុមការងារថ្នាក់ជាតិ ត្រូវបន្តប្រពៃណី​វប្បធម៌​របស់គណ បក្សប្រជាជនកម្ពុជា ដែលមានប្រជាប្រិយភាពជាយូលុងមកហើយនោះ គឺឲ្យស្ថិតនៅជាប់ជាមួយប្រជាជន គ្រប់​កាលៈទេសៈ ព្រមទាំងត្រូវបង្កើន ការយកចិត្តទុកដាក់ខ្ពស់​ ​ចំពោះសមាជិកខ្លួន ដែលជួបនូវការលំបាកក្នុងជីវភាពគ្រួសារ​ ទន្ទឹមនឹងនេះ​ត្រូវបង្កើននូវកិច្ចសហការគ្នាឲ្យបានល្អ ក្នុងការគ្រប់គ្រង និងបន្តចុះសកម្មភាពឲ្យដល់មូលដ្ឋានភូមិ៕