(ភ្នំពេញ)៖ លោក CAI XIAOMING អនុប្រធានសភាប្រឹក្សានយោបាយ ខេត្តជាំងស៊ី បានមកបំពេញទស្សនកិច្ច​កងពលតូចលេខ៧០ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីស្វែងយល់ពីកងពល និងបានលើកឡើង​នូវការគាំទ្រ១០០ភាគរយ ចំពោះការបង្កើនគុណភាព នៃការបង្រៀនភាសា​ចិន ដែលបង្ហាញ នូវទំនាក់ទំនងយ៉ាងល្អ​រវាងកម្ពុជា-ចិន​។

ក្នុងជំនួបកិច្ចពិភាក្សារវាង​ លោក CAI XIAOMING និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ក្នុងនោះលោក CAI XIAOMING បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគាំទ្រទាំងស្រុង​១០០ភាគរយ ទៅលើការបង្កើតថ្នាក់រៀនភាសារចិន​​របស់វិទ្យាស្ថានខុសជឺ ដែលមានទីតាំងនៅក្នុង កងពលតូចលេខ៧០ ហើយខ្ញុំនឹងខិតខំបង្កើនគុណភាព​ នៃការបង្រៀនភាសារចិន​ដោយការបញ្ចូនគ្រូមកទីនេះ ទាំងសម្ភារៈក្នុងអគារទាំងអស់ ខាងខេត្តជាអ្នកទទួលបន្ទុក​ធ្វើយ៉ាងណាគាំទ្រ និងឧបត្ថម្ភជូនកងពល»

លោកបន្ថែមទៀតថា ​នៅពេលដែលរីកចម្រើនទៅ លោកសង្ឃឹមថា​នឹងមានសិក្ខាកាម ដែលជានាយទាហាន ពលទាហាន នៅក្នុងទីបញ្ជាការដ្ឋាននេះ និងបានទៅបន្តការសិក្សា និងបានបំពេញទស្សនកិច្ច នៅក្នុងខេត្តជាំងស៊ី​។ លោក CAI XIAOMING បានឲ្យដឹងថា ​ទំនាក់ទំនងរវាងកម្ពុជា​-ចិន គឺមិនមែនសម្រាប់តែ​ថ្នាក់ដឹកនាំនោះទេ គឺ​បានមានទំនាក់ទំនង​រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ​រួមទាំងកងទ័ពផងដែរ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានលក្ខណៈមួយ​ជាប់ជារៀងរហូតមិនដាច់។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានថ្លែងអំណរគុណដល់ ដល់ថ្នាកដឹកនាំខេត្តជាំងស៊ី របស់ប្រទេសចិន ដែលតែងតែគាំទ្រ និងផ្ដល់ការឧបត្ថម្ភដល់កងពលតូចលេខ៧០ ហើយលោកក៏បានប្រាប់ពីភារកិច្ច និងតួនាទីរបស់កងលេខ៧០ផងដែរ៕