(បាត់ដំបង)៖ កម្លាំងនគរបាលអធិការស្រុកកំរៀង នៅវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧​ បានចុះប្រតិបត្តិការបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ (មេឆ្នោយកន្ទុយលេខ) ចំនួន៥កន្លែង បានឃាត់ខ្លួន មនុស្ស៥នាក់ នៅក្នុងបរិវេណផ្សារកំរៀង ចំណុចក្រុមទី២ ស្ថិតក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ គឹម ពន្លក អធិការនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យជាអ្នកលក់កន្ទុយលេខ ទាំង៥នាក់ រួមមាន៖ ទី១ ឈ្មោះ ផាវ វន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប្តូរប្រាក់មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង, ទី២ ឈ្មោះ ផាន់ ភ័ស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប្តូរប្រាក់មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង , ទី៣ឈ្មោះ រ៉ុង ឈឿត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង, ទី៤ ឈ្មោះ ប៉ក់ ធឿន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរប្តូរប្រាក់មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង, ទី៥ ឈ្មោះ ផាវ វ៉ាន់ធីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច រឹបអូសបាន វត្ថុតាងរួមមាន សៀវភៅសម្រាប់កត់កន្ទុយលេខឆ្នោតចំនួន១២ក្បាល, ម៉ាស៉ីនគិតលេខ ចំនួន៥គ្រឿង ប៉ិចចំនួន៣ដើម, បន្ទាត់ចំនួន២ដើម, ប្រាក់រៀងខ្មែរចំនួន១៦៨៧១០០រៀល (មួយលានហុកសិបប្រាំបីម៉ឺន ប្រាំពីរពាន់មួយរយរៀល) និងលុយបាត ចំនួន២៩០០បាត (ពីរពាន់ប្រាំបួនរយបាត)។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានកសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាកាដើម្បីចាត់ការតាមច្បាប់៕