(ភ្នំពេញ)៖ លោក សុខ​ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានរិះគន់ថា នៅពេលមានការចាប់ខ្លួនតំណាងរាស្រ្តនៅសហរដ្ឋអាមេរិក នាថ្មីៗនេះ វិទ្យុអាស៊ីសេរី, វិទ្យុនានា រួមទាំងអ្នកវិភាគដទៃទៀតនោះ ហាក់ដូចជាស្ងាត់ឈឹងប្រៀបដូចចោរលួចសេះ ខុសអំពីអំឡុងពេលចាប់ខ្លួនតំណាងរាស្រ្ត នៅក្នុងប្រទេសកម្ពុជា ដែលវិទ្យុ និងអ្នកវិភាគទាំងនោះ តែងតែរិះគន់ថារំលោភអភ័យឯកសិទ្ធិ ឬរំលោភរដ្ឋធម្មនុញ្ញជាដើម។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូ​ច្នេះថា៖ «នៅពេលចាប់តំណាងរាស្ត្រនៅកម្ពុជា វិទ្យុអាសុីសេរី ក៏ដូចវិទ្យុនានាបានផ្សាយឥតឈប់ ដោយសង្កត់ធ្ងន់ថា រំលោភអភ័យឯកសិទិ្ធសភានិងរដ្ឋធម្មនុញ្ញ។ ឥឡូវដល់មានការចាប់តំណាងរាស្ត្រអាមេរិក អត់មានឮការផ្សាយពីវិទ្យុអាសុីសេរី និងវិទ្យុនានាទេ។ នេះបានហៅថាវិទ្យុឯករាជ្យ និងមានវិជ្ជាជីវៈមែន។ តេីអស់លោកបណ្ឌិត និងអ្នកវិភាគនយោបាយ មានបានមេីលឃេីញ និងដឹងពីព័ត៌មានចាប់ខ្លួនតំណាងរាស្ត្រនៅសហរដ្ឋអាមេរិកដែរឬទេ បានជាស្ងាត់ឈឹងដូចចោរលួចសេះអញ្ចឹង?»

លោក សុខ ឥសាន បានរិះគន់បន្តទៀតថា «ដល់ពេលនេះ ទេីបកាន់តែបញ្ជាក់ច្បាស់ថា អស់លោកអ្នកវិភាគនយោបាយ និង វិទ្យុដែលអួតអាងខ្លួនឯងថា មានជំហរឯករាជ្យ មានមុខមាត់បែបណា ឈរនៅខាងណា មានឯករាជ្យភាព ដែរឬយ៉ាងណា?»

សូមជម្រាបថា នាថ្មីៗនេះ រដ្ឋាបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ខ្លួនសមាជិកសភារបស់បក្សសាធាណរដ្ឋប្រចាំនៅទីក្រុងញូវយ៉កចំនួន៣រូប ក្នុងនោះមាន លោក Raúl Grijalva មកពីរដ្ឋ Arizona, លោក Luis Gutiérrez មកពីរដ្ឋ Illinois និង លោក Adriano Espaillat ដែលបានប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ដូណាល់ ត្រាំ។

​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាត់ទុកថា ការដឹកនាំធ្វើបាតុកម្មនេះ គឺជាការរារាំងដល់គម្រោងការ និងផលប្រយោជន៍ប្រទេសជាតិរបស់សហរដ្ឋអាមេរិក ហើយចាត់ទុកថា ជារឿងខុសច្បាប់ ទើបប្រធានាធិបតីអាមេរិករូបនេះ​ មានសិទ្ធចេញបញ្ជាចាប់ខ្លួនសមាជិកសភា ទាំងបីរូបនេះតែម្តង៕