(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតកីឡាជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ បានសម្ពោធសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅសណ្ឋាគារកាសា រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកឧកញ៉ា ឈិន យ៉ុងសៀង អគ្គនាយកក្រុមហ៊ុនឆ្នោតកីឡាជាតិ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

លោកឧកញ៉ា ឈិន យ៉ុងសៀង បានលើកឡើងថា ក្រុមហ៊ុនឆ្នោតកីឡាជាតិនេះទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាឆ្នាំ២០១៤ ដោយមានកិច្ច សហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុនឆ្នោតកីឡាជាតិ ក្រោមការត្រួតពិនិត្យតាមដាន អាជីវកម្មផ្ទាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយការបង្កើតឆ្នោតកីឡាជាតិនេះក្នុងគោលបំណង ជួយទ្រទ្រង់ និងអភិវឌ្ឍកីឡាជាតិ ជួយទ្រទ្រង់ឧបត្ថម្ភការរៀបចំការប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ព្រមទាំងកាត់បន្ថយអាជីវកម្មឆ្នោត ឬល្បែងភ្នាល់ខុសច្បាប់ ហើយជួយរកចំណូលដល់សេដ្ឋកិច្ចជាតិ។

លោកអគ្គនាយក បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់គណៈកម្មាធិការជាតិអូឡាពិកកម្ពុជា ក្រុមហ៊ុនបានដាក់ចេញនូវ​ឆ្នោតកីឡា ប្រភេទកោសចំនួន៤ប្រភេទនេះ បង្កប់នូវលក្ខណៈពិសេសនៃប្រជាជាតិខ្មែរ និងបរិយាកាសវប្បធម៌ បង្ហាញឲ្យឃើញនូវស្មារតី ប្រជាជាតិដែលឧស្សាហ៍ព្យាយាមសន្សំសំចៃ ចូលចិត្តកីឡា សាមគ្គីភាព និងការតស៊ូ។ ទទ្ទឹមនឹងនេះឆ្នោតបួនប្រភេទនេះ ថែមទាំងមានលក្ខណៈ ពិសេសទៀត គឺការរចនាដ៏ប្រណិតរបៀបលេងដ៏ថ្មីសន្លាង ទឹកប្រាក់សន្ធឹកសន្ធាប់ និងអាត្រាឈ្នះឆ្នោតដ៏ខ្ពស់ផងដែរ។

លោកឧកញ៉ាបន្ថែមថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមទិញឆ្នោតកីឡាជាតិ គឺក៏ដូចជាបានជួយ ដល់វិស័យកីឡានៅកម្ពុជាផងដែរ ដូចនេះការជាវឆ្នោតកោសកីឡាជាតិមួយសន្លឹករបស់អ្នក គឺជាការចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលអត្តពលិកខ្មែរ ដើម្បីភាពជោគជ័យកីឡាស៊ីហ្គេម ២០២៣៕