(កំពង់ចាម)៖ ​ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម ​លោក ប៉ុក សុវណ្ណមុន្នី ចេញដីកាសម្រេចឃុំខ្លួន​មេឃុំគៀនជ្រៃ ស្រុកកំពង់សៀម មកពីគណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតថ្មីៗ ​ហើយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលប្រើហិង្សា និងប្រមាថអាយុជីវិតរបស់ពលរដ្ឋ។

តាមដីកាបង្គាប់ឲ្យឃុំខ្លួនដែលអង្គភាព Fresh News ទទួលបាននៅព្រឹកនេះបញ្ជាក់ថា ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់មេឃុំរូបនេះ ពីបទ «ហិង្សាដោយចេតនា, គំរាមកំហែង និងជេរប្រមាថជាសាធារណៈ» តាមបញ្ញត្តិមាត្រា ២១៧, មាត្រា២៣១ និងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា មេឃុំគៀនជ្រៃ ស្រុកកំពង់សៀម មកពីគណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតថ្មី ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ចាម បញ្ជាឲ្យចាប់ខ្លួនភា្លមៗ​នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោយប្រើអំពើហិង្សា និងគំរាមកំហែងអាយុជីវិតរបស់ពលរដ្ឋ ដោយគ្រាន់តែមានទំនាស់ពាក្យសម្ដីជាមួយគ្នាបន្ដិចបន្តួច។

មេឃុំរបស់គណបក្សសង្គ្រោះជាតិដែលទើបជាប់ឆ្នោតនោះ ឈ្មោះ ​លីម​ ប្រុស​ អាយុ៤៥ឆ្នាំ បានប្រើអំពើហិង្សាដោយចេតនា លើប្រជាពលរដ្ឋឈ្មោះ ទូច ផល្លា អាយុ៣៨ឆ្នាំ និងប្រពន្ធ​ឈ្មោះ ប៉ិច ស្រី​។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមេឃុំរបស់គណបក្សសង្គ្រោះជាតិរូបនេះ ​បានវាយ​ឈ្មោះ ទូច ផល្លា មួយដៃចំកណ្តាលថ្ងាស ហើយនោះលោកមេឃុំ ក៏បានជេរប្រមាថគំរាមកំហែងលើ ឈ្មោះ ប៉ិច ស្រី ថា «ង៉ែង​​លើករោងការកូន​មិនបានទេ បើហ៊ានលើក គឺដាក់ទង់សហើយ​ (ដោយឈ្មោះ ប៉ិច ស្រី ជិតដល់ថ្ងៃរៀប​ការកូន)» និងបានជេរប្រមាថដោយប្រើ​ពាក្យអសុរសដដែលៗ ជាច្រើនលើកច្រើនសារ។

ក្រោយ​ទទួលពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តកំពង់ចាម បានចេញដីការឃាត់ខ្លួន លោកមេឃុំរូបនេះ​ជាបណ្តោះអាសន្ន ហើយនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញសំណុំឯកសារ និងចាត់ការតាមនីតិវិធី៕