(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ​និងជាប្រធានសាខាកាកក្រហមខេត្ត និងលោកស្រី នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញ​សម្ពោធដាក់ឲ្យប្រើប្រាស់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រី ដែលស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ដែលផ្ដើមចេញពីគំនិតផ្ដួចផ្ដើម និងថវិកាផ្ទាល់​របស់លោក​។

ពិធីនេះក៏មានការចូលរួមពី ​អ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត ព្រមទាំង​​​លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា​គណៈកម្មាធិការសាខា ព្រមទាំង​មន្ដ្រីរាជការ ប្រជាពលរដ្ឋតំណាងឃុំទាំង៦ក្នុងស្រុកបន្ទាយស្រី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបជាង​៥០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា ការសាងសង់អគារស្នាក់ការនេះឡើង គឺស្របតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា និងស្របតាមគោលការគ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺ​ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

លោក​បន្តថាស្នាក់ការនេះ នឹងប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របបាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យកាន់តែឆ្ងាយជាងមុន» ម្យ៉ាងវិញទៀតដើម្បី ចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះបានកំណត់ទស្សនៈវិស័យ​ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ​និងការពារតម្លៃមនុស្សធម៌ របស់ជនរងគ្រោះ។

លោក ឃឹម ប៊ុនសុង បន្ថែមថា សាខាកាកបាទក្រហមខេត្ត បានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា, ការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស។

ជាមួយគ្នានេះដែរ សប្បុរសជនដែលអញ្ញើញមកក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបន្ទាយស្រីនេះ បានចូលរួមថវិកា សរុបប្រមាណ​៤,២២០​ដុល្លារ និង៩០ម៉ឺនរៀល ប្រគល់ជូនអនុសាខាស្រុកបន្ទាយស្រី ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន៕