(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ​ចេញសេចក្ដីថ្លែងការណ៍​ជុំវិញនីតិវិធីរបស់សាលាឧទ្ធរណ៍ ដែលនឹងបើកសវនាការ នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ ដោយមិនអនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមដើម្បីដេញដោលលើបណ្ដឹង​របស់ក្រុមមេធាវីការពារក្ដី​ លោក កឹម សុខា ប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្ន របស់ចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានីភ្នំពេញ​ ហើយត្រូវបានលោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ការសម្រេចឲ្យជនត្រូវចោទ និងគូភាគីបង្ហាញខ្លួន ឬមិនបង្ហាញខ្លួន ជាសិទ្ធិរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍។

ការចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ មិនពេញចិត្តចំពោះការមិនអនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមក្នុងសវនាការ នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។​ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ​«ការចាប់ខ្លួន និងឃុំខ្លួនឯកឧត្តម កឹម សុខា ដែលជាអ្នកតំណាងរាស្ដ្រមានអភ័យឯកសិទ្ធិសភា ជាទង្វើខុសច្បាប់ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើមាត្រា៨០នៃរដ្ឋធម្មនុញ្ញ ហើយការណ៍ដែលមិនអនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមសវនាការ នឹងធ្វើឲ្យលទ្ធផលនៃការជំនុំជម្រះមិនត្រឹមត្រូវតាមច្បាប់ផងទៀត»

ឆ្លើយតបភា្លមៗជាមួយនឹងសេចក្ដីថ្លែងការណ៍បែបនេះ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកអះអាងថា «តាមផ្លូវច្បាប់សវនាការមុន អង្គសេចក្តីទាក់ទងរឿងឃុំខ្លួន ជាសវនាការអសាធារណៈ ហើយបើយោងតាមមាត្រា​២៦០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ សភាស៊ើបសួរសាលាឧទ្ទរណ៍ជាអ្នកសម្រេច ឲ្យជនត្រូវចោទ និងគូភាគីបង្ហាញខ្លួន ឬមិនបង្ហាញខ្លួន ក្នុងសវនាការមុនអង្គសេចក្តីនេះ»

មន្ដ្រីអ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែលរូបនេះ បញ្ជាក់ថា ​«អវត្តមានជនត្រូវចោទក្នុងសវនាការអសាធារណៈ ទា​ក់ទងសំណុំរឿងឃុំខ្លួន ដែលជាសំណុំរឿងមុនអង្គសេចក្តី គឺមិនខុសច្បាប់ និងមិនប៉ះពាល់ដល់សិទ្ធិការពារខ្លួនរបស់ជនត្រូវចោទនោះ។ ករណីដូចនេះគឺធ្លាប់មាននៅក្នុងការអនុវត្តកន្លងមកច្រើនមកហើយ»

សូមជំរាបថា លោក កឹម សុខា ត្រូវបាន លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដោយ​​ចោទ​ប្រកាន់​ពី​​បទ​ល្មើស ​«ក្បត់​ជាតិ​» ដែល​បទល្មើសនេះ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ ​ទៅ​៣០ឆ្នាំ​។​ លោក​ កឹម​ សុខា​ ត្រូវបានតុលាការចោទប្រកាន់​ពី​បទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​​៕