(ភ្នំពេញ)៖ បន្ទាប់ពីនៅរាជធានីភ្នំពេញ ទទួលរងនូវភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានការលិចលង់ នៅតំបន់មួយចំនួនរួចមកនោះ នៅថ្ងៃទី២៣ ខែកញ្ញានេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានចេញមកពន្យល់អំពីស្ថានភាពទឹកភ្លៀង និងការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះ។

លោក សាំ ពិសិដ្ឋ បានសរសេរពន្យល់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនទាំងស្រុងយ៉ាងដូច្នេះថា៖

ជាទូទៅការគណនាគ្រប់ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូ ស្ថានីយ៍បូមទឹក អណ្តូងលូ ទ្វារទឹក...គឺសម្រាប់តែកម្រិតទឹកភ្លៀងធ្លាក់កំពស់៤០មម ក្នុង១ម៉ោង។ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ការគណនា Designed Stormwater គឺកម្រិតទឹកភ្លៀង៤០មម ក្នុង១ម៉ោងប៉ុណ្ណោះ បើភ្លៀងធ្លាក់លើសពី៤០មម ក៏រងការលិចទឹកតាមទីតាំងខ្លះដែរ។

សម្រាប់រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ភ្លៀងធ្លាក់យ៉ាងគំហុករហូតដល់១១៦មម ក្នុង១ម៉ោងកន្លះ បណ្តាលឲ្យលិចទឹកតាមទីតាំងមួយចំនួន ប៉ុន្តែដោយសារការកសាង បណ្តាញលូមេថ្មីបានប្រវែង៤២០គម និងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែង ធ្វើឲ្យទឹកភ្លៀងហូរស្រកអស់ បានលឿនជាងមុន៣ដង។

ខាងក្រោមនេះ ជាមូលហេតុទឹកលិច៖

* ទឹកភ្លៀងធ្លាក់ហួសកម្រិត៤០មមក្នុង១ម៉ោង គឺកម្រិតនេះ ទីក្រុងប្រទេសណានៅលើពិភពលោក ក៏នឹងរងលិចទឹកដែរចៀសមិនផុត រួមទាំងទីក្រុងអូសាកា ឬទីក្រុងបាងកក ឬទីក្រុងហូជីមិញ...
* សណ្ឋានដីនៅទីក្រុងភ្នំពេញ ជាតំបន់ទំនាបបាតខ្ទះព័ទ្ឋជុំវិញដោយទំនប់ ហើយរងគំរាមកំហែងដោយទឹកជំនន់ចំនួន៣ប្រភព៖

១៖ ជំនន់ដោយទឹកភ្លៀង

២៖ ជំនន់ដោយទឹកទន្លេ។ ជាទូទៅ នៅខែកក្កដា សីហា កញ្ញា តុលា វិច្ឆិកា ទឹកទន្លេឡើងខ្ពស់ព័ទ្ឋជុំវិញទីក្រុង ដែលអាចហូរចូលទីក្រុង គឺទឹកទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់ ស្ទឹងព្រែកត្នោត បឹងកប់ស្រូវ...ដែលយើងបានបិទទ្វារទឹក ហើយប្រើស្ថានីយ៍បូមទឹក បូមទឹកបញ្ចេញក្រៅទំនប់។

៣៖ ជំនន់ពីស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល។

ទីក្រុងប្រទេសភាគច្រើន លើពិភពលោក វិធីដោះស្រាយទឹក គឺងាយស្រួលដោយគ្រាន់តែបង្ហូរទឹកភ្លៀងចូលបឹង ទន្លេ សមុទ្រ...ជាការស្រេច ខុសពីរាជធានីភ្នំពេញ ត្រូវប្រើស្ថានីយ៍បូមទឹកចំនួន ១៣កន្លែងបូមឆ្លងកាត់ទំនប់បូមបញ្ចេញក្រៅក្រុង។ ក្នុងខែនេះ នីវ៉ូទឹកទន្លេកំពុងខ្ពស់ជាងនីវ៉ូសណ្ឋានដី តាមទីតាំងខ្លះក្នុងទីក្រុង។

* បញ្ហាខ្វះអណ្តូងលូ ការលួចបិទភ្ជិតអណ្តូងលូ សម្រាប់បង្ហូរចូលបំពង់លូ អណ្តូងលូត្រូវមានគម្លាតពី ១០មទៅ២០ម។ ស្ថានភាពអណ្តូងលូ ចាស់ មិនគ្រប់គ្រាន់ បច្ចុប្បន្នយើងមានតែអណ្តូងលូជាង ៤៤,០០០អណ្តូងលូប៉ុណ្ណោះ។

* បញ្ហាខ្វះបណ្តាញលូ។ នៅទីក្រុងភ្នំពេញ យើងមានបណ្តាញលូថ្មីចាស់ប្រវែង៦៦០គម ក្នុងពេលតម្រូវការបណ្តាញលូរហូតដល់៣,៦០០គម និងមានប្រឡាយមេចំនួន ១៨ ប្រវែង ៥៦គម ព្រមទាំងប្រឡាយរងចំនួន១៧។

* បញ្ហាសំរាមបាំងមុខអណ្តូងលូ ដែលជាឧបសគ្គការបង្ហូរទឹកពីសាច់ថ្នល់ចូលបណ្តាញលូក្រោមដី ។ បញ្ហាសំរាមក្នុងពោះប្រឡាយ បាំងសំរាស់មុខស្ថានីយ៍បូមទឹក បញ្ហាកំណកលាមកក្នុងលូ ប្រឡាយ ក៏ឧបសគ្គផ្លូវទឹកហូរដែរ។ ការរស់នៅរបស់ប្រជាពលរដ្ឋនៅពោះប្រឡាយស្ទឹងមានជ័យ ធ្វើអោយទឹកលិចនៅផ្លូវលេខ ២០០៤ ផ្លូវ ណ័រប្រ៊ីត និងតំបន់ព្រលានយន្តហោះផ្នែកខាងត្បូងនិងខាងកើត។

* ការអភិវឌ្ឍន៍ទីក្រុងលឿនពេក ធ្វើឲ្យការកសាងបណ្តាញលូមិនគ្រប់គ្រាន់។ កាលពីមុនពេលអភិវឌ្ឍន៍ ទឹកភ្លៀងបានហូរជ្រាបចូលដីឡូតិ៍ ទឹកហូរចូលដីទំនាប កាត់បន្ថយទឹកលិចបានខ្លះ។ ប៉ុន្តែបច្ចុប្បន្ន ការចាក់ដីលុបទំនាប សាងសង់ផ្ទះ ចាក់បេតុងសាប ផ្លូវចាក់បេតុង ចាក់កៅស៊ូ ធ្វើអោយទឹកបង្ហែរមកចូលលូទាំងអស់។

* សមត្ថភាពស្ថានីយ៍បូមទឹកមិនគ្រប់គ្រាន់។ យើងបានស្ថាបនាស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែង គឺស្ថានីយ៍បូមទឹកបឹងត្របែក ទួលគោកទី១ ទួលគោកទី២ ព្រះពន្លា...ដែលមានសមត្ថភាពបូមទឹកកើន ៣ដងធៀបនឹងស្ថានីយ៍ចាស់។ ស្ថានីយ៍បុរី១០០ខ្នង ស្ថានីយ៍លូ៥កំពុងសាងសង់ ហើយទិសដៅក្នុងឆ្នាំ២០១៨ នឹងសាងសង់ស្ថានីយ៍បន្ថែមនៅ ស្ថានីយ៍បឹងទំពុន និងស្ថានីយ៍ទួលសំពៅ។

ជារួមការរៀបចំបណ្តាញលូក្នុងរាជធានីភ្នំពេញ មានលក្ខណៈស្មុគ្រស្មាញ ប្រើថវិកាច្រើនទាមទារពេលវេលាយ៉ាងតិច៨ឆ្នាំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋបណ្តាញលូ និងត្រូវមានការចូលរួមពី ប្រជាពលរដ្ឋទាំង ការគ្រប់គ្រងថែទាំបណ្តាញលូ ទាំងការគ្រប់គ្រងសំរាម។

ជាការសន្និដ្ឋាន៖ នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បណ្តាញលូមេបានប្រវែង៤២០គម ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែង ដែលអាចកាត់បន្ថយទឹកលិចបាន៦០% លើទីតាំងធ្លាប់លិចទឹកពីមុនចំនួន៣២កន្លែងដូចជា មហវិថីហ្សាលដឺហ្គោល ផ្សារអូរឫស្សី ផ្លូវសុខហុក រង្វង់មូលសំពៅមាស ខាងកើតស្តាតអូឡាំពិក មុខវត្តមហាមន្ត្រី ផ្សារទួលទំពូង មុខស្ថានទូតចិន មុខព្រះបរមរាជវាំង មុខពេទ្យកាលម៉ែត្រ រង្វង់មូលផ្សារដើមថ្កូវ មុខសណ្ឋាគារអាំងទែកុងទីណង់តាល់...បានកាត់បន្ថយការលិចលង់ នៅក្នុងខណ្ឌដូនពេញ ៧មករា ទួលគោក ចំការមន និងកំពុងខិតខំបន្តដោះស្រាយបញ្ហាទឹកលិចនេះ។ បើទោះបីភ្លៀងធ្លាក់ខ្លាំងលើសពី ៤០មមក៏ដោយ ទឹកលិចលើដងផ្លូវបានហូរឆាប់ស្រកអស់លឿនជាងមុន៕