(ភ្នំពេញ)៖ ប្រធា​នមន្ទីរព័ត៌មានរាជធានីភ្នំពេញ លោក ឃុត សំខាន់ នឹងដាក់សំណើទៅអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីស្នើដកអនុប្រធានមន្ទីរព័ត៌មានលោកស្រី ឃុត សុភាព ចេញពីតំណែង ដោយសារលោកស្រី បានបង្ហោះសាររិះគន់អំពីបញ្ហាទឹកលិច នៅរាជធានីភ្នំពេញនាអំឡុងថ្ងៃបុណ្យភ្ជុំធំ ហើយប្រមាថដល់ជាតិសាសន៍ខ្មែរទាំងមូល។ នេះបើតាមការបញ្ជាក់របស់ លោក ឃុត សំខាន់។

លោក ឃុត សំខាន់ បានរៀបរាប់ថា ទង្វើរបស់ លោកស្រី ឃុត សុភាព បានកើតឡើងជាដដែលៗ ដែលធ្វើឱ្យរូបលោកជាប្រធានមន្ទីរមិនអាចទទួលយកបាន។

លោកបានបញ្ជាក់ទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរព័ត៌មានមួយរូបលោកស្រី ឃុត សុភាព បានប្រើសម្តីជេរប្រមាថមហាជននៅលើបណ្តាញសង្គម Facebook ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង និងអង្គភាព។ លោកបានបញ្ជាក់ថា ជាជំហានដំបូងនេះ លោកគ្រាន់តែស្នើឱ្យដកតំណែងតែប៉ុណ្ណោះ ប៉ុន្តែក្នុងករណី ដែលលោកស្រីនៅតែបន្តធ្វើសកម្មភាពខុសឆ្គងទៀតនោះ លោកនឹងស្នើបណ្តេញចេញពីក្របខណ្ឌតែម្តង។

សូមបញ្ជាក់ថា​ កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ លោកស្រី ឃុត សុភាព បានបង្ហោះនៅលើ Facebook របស់លោកស្រីដោយរិះគន់ចំពោះបញ្ហាទឹកលេចក្រុងយ៉ាងដូច្នេះថា៖ «ពិតជាមានមោទនភាពណាស់ ដែលកើតជាខ្មែរ ទៅក្រៅប្រទេសម្តងៗ ស្ទើតែមិនហ៊ានថាមកពីណា ហើយជនជាតិអី។ នេះគ្រាន់តែភ្លៀងត្រឹម២ម៉ោងទេ។ សូមជាតិណាៗ កុំឱ្យកើតជាខ្មែរ ព្រោះមិនចង់មានមោទនភាពទេ»

ក្រោយពីមានការបង្ហោះបែបនេះ មានមហាជនខ្លះបានចាត់ទុកថា ជាការរិះគន់ធម្មតា ប៉ុន្តែអ្នកខ្លះទៀតមានប្រតិកម្ម នឹងលោកស្រីដោយថា ជាការប្រមាថដល់ជាតិសាសន៍ខ្មែរខ្លួនឯង។

ទោះជាយ៉ាងណារហូតដល់ពេលនេះ Fresh News មិនទាន់អាចទំនាក់ទំនង លោកស្រី ឃុត សុភាព បាននៅឡើយទេ។​

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានឱ្យដឹងថា​ ក្រសួងនឹងពិចារណានូវសំណើរបស់ លោកប្រធានមន្ទីរព័ត៌មាន ក្នុងករណីមានលិខិតផ្លូវការទៅកាន់ក្រសួងព័ត៌មានមែននោះទេ។ លោកបានបន្តថា ក្រសួងព័ត៌មាន មិនគាំទ្រចំពោះមន្រ្តីឬថ្នាក់ដឹកនាំណាដែលមានអកប្បកិរិយាមិនសមរម្យក្នុងនាមជាមន្រ្តីឡើយ។