(ភ្នំពេញ)៖ ក្រោយផ្ទុះការភ្ញាក់ផ្អើល និងប្រតិកម្មខ្លាំងចំពោះការប្តូរឈ្មោះរមណីយដ្ឋាន «បូកគោ» ទៅជារមណីយដ្ឋាន «សុខា» ពីសំណាក់ក្រុមហ៊ុនសុខា របស់អ្នកឧកញ៉ា សុខ គង់ ហើយនោះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋបានប្រែមកផ្ទុះការគាំទ្រយ៉ាងអនេក និងសាទរវិញទាំងនៅក្រៅ និងនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ចំពោះចំណាត់ការក្តៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាដាច់ណាត់ឲ្យប្តូរឈ្មោះរមណីយដ្ឋាននេះទៅជាឈ្មោះដើមវិញ។

បន្ទាប់ពីទទួលបានប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរចំពោះការផ្លាស់ប្តូរឈ្មោះរមណីយដ្ឋាន ដែលជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និងទាក់ទាញនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងប្រតិកម្មខ្លាំងៗផងដែរ ចំពោះការផ្លាស់ប្តូរឈ្មោះតំបន់រមណីយដ្ឋានមួយនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានពីការផ្លាស់ប្តូរឈ្មោះរមណីយដ្ឋានបូកគោ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះគឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង ហើយក៏មិនបានអនុញ្ញាតឲ្យផងដែរ។

នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ដោយភ្ជាប់ជាមួយរូបភាពក្នុងសម្លៀកបំពាក់ជាកងទ័ពសម្តេចតេជោ ហ៊ុន សែន ដែលមានឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ផងដែរនោះ បានគូសបញ្ជាក់ថា «តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»

ទន្ទឹមការប្រតិកម្មនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យអភិបាលខេត្តកំពត លោក ចាន់ ចេស្តា ចុះទៅរុះរើស្លាកឈ្មោះនោះចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ គិតត្រឹមវេលាម៉ោងប្រមាណ ៩៖៣០នាទីព្រឹកថ្ងៃដដែល ស្លាកសញ្ញានេះត្រូវបានរុះរើអស់ទាំងស្រុង។

បើតាមលោក ចាន់ ចេស្តា ដែលបានដឹកនាំកម្លាំងចុះអនុវត្តន៍ការរុះរើស្លាកសញ្ញាដោយផ្ទាល់ បានឲ្យដឹងថា ការរុះរើស្លាកឈ្មោះនេះ មិនត្រឹមតែរុះរើសស្លាកខ្លោងទ្វារនោះទេ សូម្បីតែស្លាកនៅកន្លែងសណ្ឋាគារក៏មានការរុះរើផងដែរ។

លោក ចាន់ ចេស្តា ក៏បានឲ្យដឹងទៀតថា តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ស្លាកឈ្មោះរមណីយដ្ឋាននេះ នឹងត្រូវទៅជាឈ្មោះដើមវិញ គឺឈ្មោះ «រមណីយដ្ឋានឋានសួគ៌បូកគោ»។

ការដាក់ចេញបទបញ្ជាឲ្យដកឈ្មោះរមណីយដ្ឋានសុខា ពីតំបន់រមណីយដ្ឋានបូកគោរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឡើងដោយភ្ជាប់ជាមួយរូបភាពក្នុង ឈុតសម្លៀកបំពាក់ជាមេទ័ពកំពូលផុតលេខ គឺជាសារបង្ហាញពីជំហរ និងឆន្ទៈដ៏មុតមាំរបស់ប្រមុខរាជរដ្ឋាភិបាលរូបនេះ ក្នុងការរក្សាសម្បត្តិរបស់ជាតិ ដោយមិនអនុញ្ញាតឲ្យក្រុមហ៊ុនវិនិយោគទាំងឡាយណាមកបំពារបំពានលើជាតិ និងប្រជាពលរដ្ឋខ្មែរបាននោះឡើយ។

នេះក៏ជាសារព្រមានមួយផងដែរ ដល់ក្រុមហ៊ុនឯកជនទាំងដែលទទួលបានសិទ្ធិវិនិយោគនៅតំបន់នានាជាសម្បត្តិរបស់រដ្ឋ កុំឲ្យរពិសដៃរពិសគំនិតកែខៃបំភ្លៃបំផ្លើសបំបាត់នូវអ្វីជាសម្បត្តិរួមរបស់ជាតិ របស់ប្រជាពលរដ្ឋខ្មែរ ឬជាស្លាកស្នាមប្រវត្តិសាស្រ្ត ទៅជាកម្មសិទ្ធិផ្តាច់មុខរបស់ពួកគេ។

ចំណាត់ការដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រជាពលរដ្ឋសម្តែងការពេញចិត្តពេញថ្លើម ហើយក៏បានសាទរខ្លាំងណាស់ផងដែរ ទាំងប្រជាពលរដ្ឋ ដែលកំពុងទៅលេងកម្សាន្តនៅរមណីយដ្ឋានបូកគោ និងនៅតាមបណ្តាញសង្គម Facebook។

លោក Sovath Seyla បានថ្លែងថា «អរគុណសម្តេចសម្រាប់ការដឹកនាំកម្ពុជាឲ្យមានសន្តិភាព និងការអភិវឌ្ឍន៍ដ៏មានសក្តានុពលមកដល់សព្វថ្ងៃ ប៉ុន្តែរឿងខ្លះមិនគួររំខានដល់ថ្នាក់ដឹកនាំកំពូលៗនុះទេ ត្រឹមថ្នាក់ក្រោមជាតិក៏ដោះស្រាយបានដែរ ដូចករណីនេះស្រាប់!!!!»។

ដោយឡែក អ្នកលេង Facebook ម្នាក់ទៀត Sophal Amarin បានបញ្ជាក់ថា «សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអោយរក្សាឈ្មោះ រមនីយដ្ឋានភ្នំបូកគោ អោយនៅដដែល ។ សូមគោរពជូនពរសម្ដេចតេជោ មានសុខភាពល្អ បរិបូរណ៌ អាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋតទៅមុខទៀត»។

រីឯប្រជាពលរដ្ឋខ្មែរម្នាក់ដែលមានឈ្មោះថា ជីហាន់ និង ជីលៀង បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរក្សាឈ្មោះ រមណីយដ្ឋានភ្នំបូកគោ ហើយពិតជាត្រេកអរណាស់ ត្រេកអរនឹងការយកចិត្តទុកដាក់ការងារជាតិ សុខទុក្ខពលរដ្ឋមិនថាថ្ងៃចន្ទ ឬថ្ងៃសៅរ៍របស់សម្តេច។

លោក Sothun Mst Theary Reth ក៏បានសារទរខ្លាំងណាស់ផងដែរចំពោះចំណាត់ការរបស់សម្តេចតេជោ។ លោកបានថ្លែងថា «សូមថ្លែងអំណរគុណសម្តេច ក្នុងការចេញ បទបញ្ជាមួយនេះ ខ្ញុំបាទសូមសំណូមពរសម្តេច ដើម្បីឲ្យស្ថាប័នដែលទទួលបន្ទុកត្រូវអនុវត្តច្បាប់ចំពោះករណី ក្រុមហ៊ុនហ៊ានកែប្រែឈ្មោះរមណីយដ្ឋាន ប្រវត្តិសាស្រ្តមួយនេះដោយមិនខ្លាចញញើត និងមិនបានស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់»។

សូមបញ្ជាក់ថា រមណីដ្ឋានភ្នំបូកគោ មានកម្ពស់ ១០៧៥ម៉ែត្រ ស្ថិតនៅចម្ងាយ ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពត និងមានចម្ងាយជិត ២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ រមណីយដ្ឋានភ្នំបូកគោ ត្រូវបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អាគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដែរ។

រមណីយដ្ឋានភ្នំបូកគោ គឺជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញ និងល្បាញល្បីនៅក្នុងប្រទេសកម្ពុជាលើទឹកដីនៃខេត្តកំពត។ រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះ មានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើន ដូចជាទឹកជ្រោះពពកវិល, ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ, បឹងលើភ្នំ, វត្តសំពៅប្រាំ, ព្រះវិហារកាតូលិកចាស់, ឡឺ បូកគោ ផាលេស (សណ្ឋាគារចាស់), ដំណាក់ស្លាខ្មៅ, ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេច, វាលស្រែ៥០០ និងកន្លែងសមាធិ។ ក្រុមហ៊ុនសុខា ទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងឆ្នាំ២០០៨៕