(ភ្នំពេញ)៖ រហូតដល់ម៉ោង៩៖៣០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្លាកឈ្មោះថ្មីរបស់រមណីយដ្ឋានឋានសួគ៌បូកគោដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធដក​ចោលទាំងស្រុងហើយ ខណៈដែលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យប្រើប្រាស់ឈ្មោះដើមវិញ ដោយសារតែតំបន់ភ្នំនេះជាតំបន់ប្រវត្តិសាស្រ្ត។

លោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា «ក្រោយពីបានដោះស្លាកឈ្មោះនៅខ្លោងទ្វារចូល ភ្នំបូកគោ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានបន្តឡើងទៅលើភ្នំ ដើម្បីបន្តដោះស្លាកឈ្មោះនៅលើសណ្ឋាគារទៀត ព្រោះឈ្មោះសណ្ឋាគារក៏បានដូរដែរ»

ក្រោយពីមានប្រតិកម្មពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ឈ្មោះឋានសួគ៌បូកគោ ត្រូវបានផ្លាស់ប្តូរមកវិញ មានទាំងនៅលើ Facebook ផងដែរ។

សូមជំរាបថា នៅវេលាម៉ោង៩ព្រឹកថ្ងៃដដែលនេះ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានទៅដល់ទីតាំងខ្លោងទ្វារនៃ រមណីយដ្ឋានឋានសួគ៌បូកគោ នៅខេត្តកំពត ដើម្បីដកស្លាកឈ្មោះថ្មី ដែលក្រុមហ៊ុនសុខាផ្លាស់ប្តូរ ដោយគ្មានការអនុញ្ញាត ហើយធ្វើឱ្យបាត់អត្តសញ្ញាណដើមរបស់ប្រវត្តិសាស្រ្ត។

ការចុះទៅធ្វើប្រតិបត្តិការដកស្លាកឈ្មោះថ្មីរបស់ រមណីយដ្ឋានឋានសួគ៌បូកគោនេះ បានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបង្គាប់ឱ្យអភិបាលខេត្តកំពត ទៅដកស្លាកថ្មីរបស់រមនីយ៍ដ្ឋាន ឋានសួគ៌បូកគោ ដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះជាបន្ទាន់ ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជាឲ្យអភិបាលខេត្តកំពត ទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»៕