(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបចំសមាជវិសាមញ្ញរបស់ខ្លួន ដើម្បីផ្លាស់ប្តូររូបសញ្ញាថ្មី របស់គណបក្ស និងកែសម្រួលប្រការមួយចំនួននៃលក្ខន្តិកៈ ឱ្យសមស្របទៅតាមច្បាប់ស្តីពី គណបក្សនយោបាយ និងសមស្របទៅតាមលក្ខន្តិកៈ របស់គណបក្សហ៊្វុនស៊ិនប៉ិច។

សមាជវិសាមញ្ញនេះនឹងធ្វើឡើង ក្រោមព្រះរាជអធិបតីភាព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនៅមជ្ឈមណ្ឌល សន្និបាតកោះពេជ្រ។

សូមបញ្ជាក់ថា សមាជរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចនេះ ធ្វើឡើងបន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មី នៅក្នុងប្រទេសកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់ ហើយចូលជាធរមាន។ ច្បាប់គណបក្សនយោបាយថ្មីៗនេះ មិនអនុញ្ញាតឱ្យ គណបក្សនយោបាយណាមួយនៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ឈ្មោះ ឬរូបរបស់ រូបវ័ន្តបុគ្គល នៅក្នុងឈ្មោះឬរូបសញ្ញា គណបក្សឡើយ។

ច្បាប់នេះ ក៏កំណត់មិនឱ្យ គណបក្សនយោបាយ ប្រើប្រាស់សារជាសំឡេង រូបភាពឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាព របស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស ធ្វ្វើសកម្មភាពណាមួយ ដើម្បីជាប្រយោជន៍ខ្លួនផងដែរ៕