(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ជាពិសេសមន្ត្រីឧទ្យានុរក្ស ដែលកំពុងបំពេញភារកិច្ចនៅតាមតំបន់ការពារធម្មជាតិនានា ត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាព បន្ទាប់ពីមាន ករណីផ្ទុះឡើងនូវជំងឺផ្សេងៗ និងករណីរងគ្រោះដោយសារទទួលទានសាច់សត្វដែលមិនបានចម្អិនត្រឹមត្រូវ បណ្តាលឱ្យឧទ្យានុរក្សម្នាក់ ស្លាប់បាត់បង់ជីវិត។

តាមលិខិតរបស់ក្រសួងបរិស្ថាន ដែល Fresh News ទទួលបាននៅរសៀលនេះ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានករណីជំងឺគ្រុនចាញ់ ដែលបណ្តាលឲ្យមន្ត្រីឧទ្យានុរក្សមួយរូប នៅខេត្តស្ទឹងត្រែង បានស្លាប់បាត់បង់ជីវិត។ ជាងនេះទៅទៀតមានករណីផ្ទុះឡើងនូវជំងឺហើមសាច់ដុំ (ហើមដៃជើង និងបំពង់ក) ដែលបានបណ្តាលឲ្យមន្ត្រីឧទ្យានុរក្សប្រចាំការនៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំជំនួន១៣នាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ហើយក្នុងនោះមានមន្ត្រីឧទ្យានុរក្សម្នាក់ បានទទួលមរណភាពដោយសារជំងឺដ៏កាចសាហាវនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ។ ជំងឺនេះក៏បាននិងកំពុងយាយីដល់អាយុជីវិតរបស់ប្រជាជនមួយចំនួនផ្សេងទៀត នៅក្នុងតំបន់ព្រៃឡង់នោះផងដែរ។

តាមរៈការសង្កេត និងការសន្និដ្ឋានជាបឋមរបស់គ្រូពេទ្យជំនាញ ជំងឺហើមសាច់ដុំនេះបង្កឡើងដោយប្រភេទប៉ារ៉ាស៊ីតម្យ៉ាង បានឆ្លងចូលទៅក្នុងខ្លួន មនុស្សតាមរយៈការបរិភោគសាច់សត្វ ដែលចម្អិនមិនបានឆ្អិនល្អ និងការប្រើប្រាស់ទឹកតាមអូរព្រៃហើយប៉ារ៉ាស៊ីតដ៏កាចសាហាវនេះ កំពុងមានវត្តមាន នៅក្នុងតំបន់ព្រៃឡង់៕