(តូក្យូ)៖ ក្នុងឱកាសចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ភាគីកម្ពុជាបានលើកជាមតិយោបល់ថា ប្រទេសធំមួយចំនួនមិនគួរប្រើប្រាស់លក្ខខណ្ឌទិដ្ឋាការ និងបម្រាមនានា ដែលជាឧបសគ្គរាំងស្ទះដល់ការធ្វើដំណើរ និងទេសចរណ៍ឡើយ ព្រោះថា ការធ្វើដំណើរ គឺជាផ្នែកមួយនៃសិទ្ធិមនុស្ស។

ភាគីកម្ពុជាដែលចូលរួមក្នុងវេទិកាខាងលើ គឺដឹកនាំដោយលោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៧។

ក្នុងនាមជាវាគ្មិនគន្លឹះនៃវេទិកាអន្តរជាតិ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ស្តីពី ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ មកពីប្រមាណជាង២០ប្រទេស និងស្ថាប័ននានារបស់ប្រទេសជប៉ុន លោក ទិត ចន្ថា បានបង្ហាញដល់អង្គវេទិកាទាំងមូលឲ្យចាប់អារម្មណ៍អំពីការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថិរភាព សុវត្ថិភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរគ្រប់រូប ក្នុងការទស្សនាព្រះរាជាណាចក្រអច្ឆរិយៈ។

លោកបានបន្តថា កម្ពុជាបានប្រែក្លាយពីអតីតកាលដែលគេស្គាល់ថា ជាវាលពិឃាត ទៅជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលមានភ្ញៀវអន្តរជាតិរាប់លាននាក់មកទស្សនា និងភ្ញៀវក្នុងស្រុកច្រើនលាននាក់ទៀត រីករាយទស្សនាពេញផ្ទៃប្រទេស។

ចំណុចជាគន្លឹះដែលលោក ទិត ចន្ថា បានស្នើឲ្យពិភពលោករួមគ្នាយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការតភ្ជាប់ និងសម្រួលការធ្វើដំណើរ ការទស្សនារវាងប្រជាជន និងប្រជាជន យកវិស័យទេសចរណ៍ជាវិស័យអាទិភាពនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និងរួមគ្នាធ្វើឲ្យពិភពលោកក្លាយជាកន្លែងដ៏ល្អប្រសើរសម្រាប់ការរស់នៅ និងការទស្សនា។

ជាងនេះទៅទៀត លោកបានស្នើក្នុងអង្គវេទិកាថា មិនគួរប្រទេសធំមួយចំនួនប្រើប្រាស់លក្ខខណ្ឌទិដ្ឋាការ ឬបម្រាមនានា ដែលជាឧបសគ្គរាំងស្ទះការធ្វើដំណើរ និងទេសចរណ៍ ព្រោះថា ការធ្វើដំណើរ គឺជាផ្នែកមួយនៃការរស់នៅ និងសិទ្ធិមនុស្ស។

លោកលើកឡើងថា ពិភពលោកត្រូវរួមគ្នាជំរុញសកម្មភាពទេសចរណ៍ ដើម្បីសម្រេចតាមចក្ខុវិស័យឆ្នាំ២០៣០ ឲ្យមានទេសចរប្រមណន ១.៨ពាន់លាន ឬច្រើនជាងនេះធ្វើដំណើរក្នុងពិភពលោក ហើយជួយឲ្យវិស័យទេសចរណ៍នេះកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព៕