(ភ្នំពេញ)៖ ក្នុងរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ពោលចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ មន្ទីរពេទ្យគន្ធបុប្ផាទទួល ពិនិត្យព្យាបាល កុមារមានជំងឺចំនួន៣,២៧៧នាក់ ដោយក្នុងនោះ កុមារមានជំងឺធ្ងន់ៗចំនួន១០១៧នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនិងមានការវះកាត់បន្ទាន់ចំនួន៣០ករណី។ នេះបើយោងតាម Facebook របស់ Dr. Beat Richner ដែលទើបចេញផ្សាយ នៅថ្ងៃទី២២ ខែកញ្ញានេះ។

របាយការណ៍បានបន្ថែមថា នៅក្នុងផ្នែកសម្ពព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្នុងខេត្តសៀមរាបអង្គរ ស្រ្ដីផ្ទៃពោះចំនួន​ ២១៤នាក់ ត្រូវបានពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងមានការសម្រាលកូនបានចំនួន ១៩៨នាក់៕