(ភ្នំពេញ)៖ ចាប់តាំងពី កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបានចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ទាំងមន្ត្រីនិងអ្នកគាំទ្រ បក្សនេះ រួមនឹងកូនស្រីទាំងពីររបស់ កឹម សុខា និងអតីតមេបក្ស សម រង្ស៊ី បានព្យាយាមស្វែងរកការគាំទ្រពីប្រទេសនានាតាមរយៈការធ្វើបាតុកម្មដើម្បីដាក់សម្ពាធ មកលើរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់រូបភាព និងទាមទារឱ្យដោះលែង កឹម សុខា ដោយគ្មានលក្ខខណ្ឌ។

បាតុកម្មដែលជាសិទ្ធិបញ្ចេញមតិស្របច្បាប់របស់ប្រជាពលរដ្ឋ ហើយកម្ពុជាគោរពនូវសិទ្ធិទាំងអស់នេះ។ ប៉ុន្តែកម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យមួយមាន សិទ្ធិពេញលេញ ក្នុងការអនុវត្តច្បាប់របស់ខ្លួនប្រឆាំង នឹងការប៉ុនប៉ងបំផ្លាញជាតិរបស់ជនមួយក្តាប់តូច។ ប៉ុន្តែសំណួរអាចចោទសួរថា តើបាតុកម្ម និងការអំពាវនាវឱ្យ បរទេសដាក់ទណ្ឌកម្ម ឬផ្តាច់ជំនួយដល់កម្ពុជា តើវាពិតជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីជួយដោះបន្ទុក និងធ្វើឱ្យ កឹម សុខា រួចផុតពីការចោទប្រកាន់ពីអំពើ ក្បត់ជាតិឬយ៉ាងណា?

ទី១៖ ពួកគេតែងតែទាមទារឱ្យកម្ពុជាមាននីតិរដ្ឋ និងអនុវត្តច្បាប់ត្រឹមត្រូវ ប៉ុន្តែនៅពេលដែល កឹម សុខា មេបក្សខ្លួនប្រព្រឹត្តខុស បែរជាព្យាយាមក្នុងការទាញឱ្យរដ្ឋាភិបាល រំលោភច្បាប់ដោះលែងជនត្រូវចោទដោយមិនអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ។ ពួកគេចោទថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែពួកគេបែរជានាំគ្នា ទាមទារឱ្យដោះលែង កឹម សុខា ដោយគ្មានលក្ខខណ្ឌតាមរយៈបាតុកម្ម ការថ្កោលទោស និងសម្ពាធនយោបាយ សេដ្ឋកិច្ច ដោយមិនឆ្លងការអនុវត្តច្បាប់។

ពួកគេបាតុកម្មទាមទារឱ្យដោះលែង កឹម សុខា ប៉ុន្តែបែរជាស្រែកទាមទារឱ្យរាជរដ្ឋាភិបាលស្របច្បាប់ សម្តេចតេជោនាយករដ្ឋមន្ត្រីស្របច្បាប់ដែលកើតចេញពីការ បោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ចុះចេញពីតំណែងទៅវិញ? ពួកគេជេរប្រទេចផ្តាសារមន្ត្រី និងសកម្មជនគណបក្សប្រជាជនកម្ពុជាថា ក្បត់ជាតិ ប៉ុន្តែពួកគេភ្លេចគិតថា កឹម សុខា ដែលពួកគេកំពុងតែគាំទ្រ និងទាមទារដោះលែងនេះ បានរៀបចំផែនការសម្ងាត់ក្បត់ជាតិជាមួយអាមេរិកតាំងពីឆ្នាំ១៩៩៣ ដើម្បីផ្លាស់ប្តូររបប និងមេដឹកនាំ នៅកម្ពុជាទៅវិញតាមរយៈបដិវត្តន៍ពណ៌ ប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា។

ពួកគេអះអាងថា ស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា ប៉ុន្តែពួកគេបែរជាបរិហារកេរ្តិ៍កម្ពុជា សម្អុយឈ្មោះកម្ពុជាដោយមិនបាន លើកឡើងពីហេតុផលពិតប្រាកដទៅវិញ។ តើអ្វីដែលពួកគេចង់បានឱ្យពិតប្រាកដ? ទំនងទាល់តែពួកគេសម្រេច ដោយខ្លួនឯងទោះខុសច្បាប់ក៏ដោយ ក៏ត្រឹមត្រូវទាំងអស់។ នេះបានចំជាកំហុសខ្លួនឯងមើលមិនឃើញមែន។

ទី២៖ ពលករនៅកូរ៉េប៉ុន្មាននាក់ដែលបានរៀបចំផែនការបាតុកម្មខុសច្បាប់ នៅលើទឹកដីកូរ៉េខាងត្បូងក៏បានប្រកាសទាមទារឱ្យដោះលែង កឹម សុខា។ តើពួកគេមាន បានដឹងជា មុនថានឹងមានអ្វីកើតឡើងទេនៅពេលដែលយកទឹកដីនៃប្រទេសមួយរៀបចំផែនការ និង បាតុកម្មប្រឆាំងនឹងប្រទេសមួយទៀតនោះ?

អ្នករៀបចំអាចនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួន ហើយកេរ្តិ៍ឈ្មោះប្រទេស និងសេចក្តីថ្លែថ្នូររបស់ជាតិត្រូវបានបំផ្លាញ។ បាតុកម្មនេះនឹង មិនចំណេញដល់ពលករឡើយ ដោយសារតែថៅកែរបស់ពួកគេនឹងត្រូវកត់សម្គាល់អ្នកចូល រួមព្រោះបានយកពេលវេលាធ្វើការមកធ្វើបាតុកម្ម រំខានដល់ម្ចាស់ប្រទេស និងនាំទុក្ខដល់ថៅកែរបស់ខ្លួន ត្រូវប្រឈមមុខនឹងការទទួលខុសត្រូវក្នុងករណីប្រព្រឹត្តល្មើស នាំឱ្យកូរ៉េកាត់កូតាទទួលពលករមកធ្វើការងារនៅកូរ៉េ ដែលធ្វើឱ្យបងប្អូនខ្មែរផ្សេងទៀតបាត់បង់ឱកាស និង បែរជារកពលករពីប្រទេសផ្សេងមកជំនួសពលករខ្មែរវិញ។ ក្នុងករណីប្រព្រឹត្តកំហុសនៅក្នុង បាតុកម្ម ពួកគេនឹងត្រូវគេចាប់បញ្ជូនមកកម្ពុជាវិញ នាំឱ្យបាត់បង់ឱកាសធ្វើការងាររកលុយកាក់ជួយខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងបាត់បង់ឱកាសរៀនសូត្រពីមុខជំនាញនិងចំណេះដឹងនានាពីប្រទេសកូរ៉េ។

ការបញ្ចេញមតិគឺជាសិទ្ធិស្របច្បាប់ ប៉ុន្តែការអនុវត្តក៏ត្រូវគោរព ម្ចាស់សាមីផងដែរ។ តើវានឹងបានមកវិញនូវផលប្រយោជន៍អ្វីពីការធ្វើបាតុកម្មនេះ? បានត្រឹមបម្រើ នយោបាយបក្សប្រឆាំងទាំងងឹតងងុលប៉ុណ្ណោះ។ បងប្អូនពលករខ្លះបានភ្ញាក់ខ្លួន និងយល់ដឹងអស់ហើយថា បក្សប្រឆាំងបានត្រឹមតែ ទៅរៃអង្គាសថវិកាពីពួកគេដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ និងលែងគាំទ្រតទៅទៀតហើយ។ ហេតុដូច្នេះបានជាបក្សនេះបាត់បង់ការគាំទ្រ និងនៅសេសសល់តែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ។ ពួកគេគួរទុកភារកិច្ច ជូនមេធាវីការពារក្តី កឹម សុខា និងតុលាការដើម្បីដោះស្រាយបញ្ហាច្បាប់នេះ និងយកពេលវេលាទៅប្រកបការងារដើម្បីរកប្រាក់កម្រៃសម្រាប់ខ្លួន និងក្រុមគ្រួសារល្អជាង។

ទី៣៖ មន្ត្រីបក្សប្រឆាំង និងទណ្ឌិត សម រង្ស៊ី បានព្យាយាមក្នុងការដើរបញ្ចុះបញ្ចូលតំណាងរាស្ត្រមួយចំនួន នៅក្នុងបក្សប្រឆាំងដែលជាសម្ព័ន្ធមិត្ររបស់ខ្លួននៅតាម ប្រទេសនានាឱ្យចេញជាញត្តិថ្កោលទោសចំពោះការចាប់ខ្លួន កឹម សុខា ហើយយកមកបំភ្លៃ បំផ្លើស បំភ័ន្តមតិជាតិ និងអន្តរជាតិថាជាតំណាងឱ្យប្រទេស ទាំងមូលជាអ្នកចេញមកថ្កោលទោសទៅវិញ។ បក្សប្រឆាំងរួមនឹងទណ្ឌិត សម រង្ស៊ី ដែលត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធនឹងបក្សនយោបាយ តែងតែព្យាយាម បំផ្លាញប្រទេសកម្ពុជាតាមរយៈនយោបាយបរទេសនិយមរបស់ខ្លួន។ ពួកគេតែង តែចោទរាជរដ្ឋាភិបាលថារំលោភច្បាប់ និងតាំងខ្លួនជាជនរងគ្រោះ ប៉ុន្តែធាតុពិត បក្សប្រឆាំងតែងតែបំពានច្បាប់ និងព្យាយាមទាញកម្ពុជាចូលទៅក្នុងវប្បធម៌និរទណ្ឌភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាអនុវត្តតាមនីតិវិធីច្បាប់ប្រឆាំងនឹងជនល្មើសដូច សម រង្ស៊ី កឹម សុខា និងអ្នកដទៃទៀតដែលប្រព្រឹត្តខុសច្បាប់។ ដើម្បីមហិច្ឆតាអំណាច និងសម្រេចផែនការសម្ងាត់ក្បត់ជាតិខ្លួនបក្សប្រឆាំងមិនខ្លាចញញើតក្នុងការ បំផ្លាញប្រទេសបំបែកឆ្នាំងបាយប្រជាជនឡើយ។ ពួកគេតែងតែអនុវត្តនយោបាយបីកុំដើម្បីបំផ្លាញជាតិ គឺអំពាវនាវឱ្យសហគមន៍អន្តរជាតិ កុំផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញផលិតផលនៅកម្ពុជា។

ជាថ្មីម្តងទៀតនៅពេលនេះ បក្សប្រឆាំងមិនខ្លាចនឹងឱ្យអន្តរជាតិដាក់ទណ្ឌកម្ម និងសម្ពាធមកលើកម្ពុជាឡើយ ដើម្បីជួយជនក្បត់ជាតិម្នាក់។ ប៉ុន្តែកម្ពុជាមានរបៀបដឹកនាំ របស់កម្ពុជា! ខណៈទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយប្រទេសនានាមានជាធម្មតា ប៉ុន្តែកម្ពុជាមិនបានលូកដៃកកូរកកាយ ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយឡើយ ហើយជឿជាក់ថាប្រទេសទាំងនោះនឹងមិនលូកដៃក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាផងដែរ។

ដូច្នេះបាតុកម្ម និងការដាក់សម្ពាធ ឬការថ្កោលទោសគ្មានឥទ្ធិពលលើកម្ពុជាឡើយ ហើយបើមានការឈប់វិនិយោគ ឈប់ផ្តល់ជំនួយ និងឈប់ទិញផលិតផលកម្ពុជា តាមអ្វីដែលបក្សសង្គ្រោះជាតិស្នើឡើង អ្នកដែលរងគ្រោះមិនគេគឺប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។ តើគេគួរបន្តគាំទ្រទង្វើបំផ្លាញជាតិរបស់បក្សប្រឆាំងទៀតទេ?

បក្សនេះកំពុងតែចលាចលផ្ទៃក្នុងនិងបាត់បងម្ចាស់ការ ហើយ បើចង់ឱ្យមានការដោះលែង កឹម សុខា តាមការចង់បានរបស់ខ្លួនបក្សសង្គ្រោះជាតិគួរត្រៀមមេធាវីចំណានៗ ដើម្បីការពារក្តីនៅចំពោះមុខតុលាការជាជាងការដើរញុះញង់ឱ្យមានបាតុកម្ម និងបញ្ចុះបញ្ចូលក្រុមតំណាងរាស្ត្រ ខ្លះនៃប្រទេសមួយចំនួនដែលជាសម្ព័ន្ធមិត្ររបស់ខ្លួន ថ្កោលទោសការអនុវត្តនីតិវិធីច្បាប់របស់រាជរដ្ឋាភិបាល។ ការថ្កោលទោស ឬការស្នើសុំឱ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា គឺជាសកម្មភាពប្រឆាំងនឹងប្រយោជន៍ របស់កម្ពុជា ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលធ្វើឱ្យបក្សសង្គ្រោះជាតិជាប់ជំពាក់នឹងបញ្ហា ដូចមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ហើយក៏មិនអាចជួយអ្វី កឹម សុខា បានឡើយ!

ដោយ៖ ចៅចាក់ស្មុក