(ភ្នំពេញ)៖ ​​ក្រុមប្រតិបត្តិការ ចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន បានបន្ដចុះឃាត់ខ្លួន ជនជាតិវៀតណាម១៤នាក់ ដែលចូលមកស្នាក់ នៅដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ Fresh News ថា ប្រតិបត្តិការធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។

បើតាមប្រធាននាយកដ្ឋានរូបនេះ ទីតាំងដែលចុះប្រតិបត្តិការនៅព្រឹកមិញនេះ នៅ​ហាងកាហ្វេ តាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ​ ដោយបានត្រួតពិនិត្យឃើញមាន ជនជាតិវៀតណាម​១៤នាក់ បានលួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារ និង​ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ​។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕