(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ស្តារប្រឡាយព្រែកតាអេវ ឲ្យអាចរំដោះទឹកបាន នៅវស្សាឆ្នាំក្រោយ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ដែលតែងតែរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលនេះ។

ការជំរុញបែបនេះ របស់លោកឃួង ស្រេង ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង លិចតំបន់មួយចំនួនក្នុងខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ប្រឡាយព្រែកតាអេវ ដែលគ្រោងនឹងស្តារឡើងវិញ ត្រូវបានមន្រ្តីរដ្ឋបាលរាជធានីឲ្យដឹងថា មានប្រវែង១,៣០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្រ្តីរូបនេះ មិនបានបញ្ជាក់អំពីទំហំប្រឡាយ នឹងចាប់ផ្តើមបើកការដ្ឋាននៅពេលណានោះទេ ដោយគ្រាន់តែចុះមកពិនិត្យ និងធ្វើការសិក្សា ដើម្បីវាយតម្លៃគម្រោង។

លោក ឃួង ស្រេង បានបញ្ជាក់នៅក្នុងពេលចុះពិនិត្យនោះថា កិច្ចការងារនេះ នឹងប្រគល់ឲ្យទៅមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ជាអ្នកទទួលការងារស្តារប្រឡាយនេះ ដោយនឹងត្រូវប្រើប្រាស់គ្រឿងចក្រចំនួន៣គ្រឿង។

លោកក៏បានបញ្ជាក់ផងដែរថា ការងារនេះជាការងារសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់ ដោយវាជាការងារដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋនៅតំបន់នេះ និងជុំវិញតំបន់នេះ ដែលតែងតែទទួលការលិចលង់ ឲ្យតែមានភ្លៀងម្តងៗ។

គួរបញ្ជាក់ផងដែរថា ជាជំហានទី១ នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ លោក ឃួង ស្រេង បានចុះមកពិនិត្យមើលស្ថានភាពស្ពានព្រែកតាអេវ ក្នុងសង្កាត់ព្រែកថ្មី ដោយដាក់គ្រឿងចក្រកាយ និងស្តាប្រឡាយនេះ ដើម្បីនាំទឹកទម្លាក់ទៅក្នុងទន្លេបាសាក់។ បន្តមកទៀត លោកអភិបាលរាជធានី បន្តទៅពិនិត្យប្រឡាយព្រែកអ្នកតាវាំង។ បន្តពីនេះទៀត លោកអភិបាលបានទៅពិនិត្យលំនៅដ្ឋាន ប្រជាពលរដ្ឋដែលរស់នៅជាប់បឹងស្នារ ដែលកំពុងទទួលរងការលិចលង់ ដើម្បីរកដំណោះស្រាយ ការលិចលង់ជូនពួកគាត់។

ពាក់ព័ន្ធនឹងការងារនេះ លោក ឃួង ស្រេង ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរខណ្ឌ រាជធានីភ្នំពេញ ដើម្បីរួមគ្នាទប់ស្កាត់ការចាក់ដីរំលោភ យកប្រឡាយ ដែលប្រឡាយទាំងនេះ ជាទ្រព្យសម្បត្តិរួមទាំងអស់គ្នា មានន័យថា បើលិចគឺលិចទាំងអស់គ្នា។ ដូច្នេះទេ បើបងប្អូនប្រជាពលរដ្ឋបានឃើញ និងទទួលព័ត៌មានថា មានជនណាដែលចាក់ដីរំលោភ ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ដើម្បីមានវិធានការទប់ស្កាត់ជាបន្ទាន់។

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី បានឲ្យដឹងថា ព្រែកតាអេវ ជាព្រែកមួយនៅជាប់ព្រំប្រទល់ ភូមិព្រែកថ្មី១ និងភូមិកោះក្របី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយព្រែកនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការរំដោះទឹក ចេញពីសង្កាត់ព្រែកឯង និងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ៕