(ពោធិ៍សាត់)៖ បើតាមសេចក្ដីរាយការណ៍ពីភ្នាប់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះថា សមត្ថកិច្ចស្វែងរកសាកសព ជនរងគ្រោះម្នាក់ ដែលធ្លាក់ទឹកបាត់ខ្លួន នៅក្នុងករណីគ្រោះថ្នាក់ កាណូតបុកកាណូត ពុំទាន់បានឃើញនៅឡើយទេ។

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក រវាងកាណូត និង កាណូតខាងលើនេះ បានកើតឡើង នៅត្រង់ចំណុចខាងកើតវត្តទិល ចំងាយ១០៥ម៉ែត្រ ស្ថិតនៅក្នុងភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងដោយសារតែ ឈ្មោះ សេង ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ បើកកាណូតពីជើងទៅត្បូង និងឈ្មោះ រី ស៊ី ភេទប្រុស អាយុ ២៤ ឆ្នាំ បើកកាណូតពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នាតែម្ដង ក៏បណ្តាលឲ្យឈ្មោះ សេង ធារ៉ា ធ្លាក់ទឹកបាត់ខ្លួនរកមិនឃើញ ឯឈ្មោះ រី ស៊ី លិចកាណូត​ ហែលរួចខ្លួន។

សមត្ថកិច្ច បានបន្ថែមទៀតថា អ្នកទាំង២នាក់ ខាងលើនេះ រស់នៅក្នុងភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលចំណុចកើតហេតុ។ ខណៈពេលពេលនេះ សមត្ថកិច្ច និងសាច់ញាតិ កំពុងតែដុះដៃដុះជើងក្នុងការរុករកបន្ដទៀតផងដែរ៕