(មណ្ឌលគិរី)៖ ការឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជិត១ម៉ឺននាក់ ទៅកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តភូមិភាគឦសានមួយនេះ។

បើទោះបីខេត្តមណ្ឌលគិរី ជាខេត្តតូច និងមានប្រជាពលរដ្ឋរស់នៅទូទាំងខេត្ត មិនដល់៧ម៉ឺននាក់ ប៉ុន្តែបច្ចុប្បន្នខេត្តមួយនេះ បាននឹងកំពុងធ្វើការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៀតផង ក្រៅពីនេះខេត្តតូចមួយនេះ ក៏មានសក្តានុពលខ្លាំងក្លា លើវិស័យទេសចរណ៍ដូចជា៖ ទេសភាពគម្របព្រៃឈើ បៃតងស្រស់ សត្វព្រៃ អាកាសធាតុត្រជាក់ល្ហឹម ជំនោរខ្យល់បរិសុទ្ធធ្លាក់រំភើយៗ រមណីយដ្ឋានទឹកជ្រោះធម្មជាតិ ធំ តូចហូរធ្លាក់ពីលើភ្នំជាច្រើនកន្លែង ជាពិសេសទីតំបន់នេះ សម្បូរបងប្អូនជនជាតិភាគតិចព្នង រហូតដល់ទៅ៧០% កត្តានេះហើយបានជាខេត្តនេះ កំពុងមានការចាប់អារម្ភយ៉ាងខ្លាំង នៃអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។

លោក ង៉ិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានថ្លែងថា ដោយសារកត្តាសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយរួម និងការរៀបចំសោភ័ណភាពបានល្អប្រសើរ នៅទីប្រជុំជន និងនៅតាមរមណីយដ្ឋាននានា ដោយសារក្នុងខេត្តមួយនេះ មានការរៀបចំបានល្អប្រសើរពីសំណាក់អាជ្ញាធរខេត្ត ក្រុង មានការទាក់ទាញធ្វើឲ្យភ្ញៀវទេសចរ ចង់មកលេងកម្សាន្តនាថ្ងៃឈប់សម្រាក។

លោក ង៉ិន សុវិមាន បានបន្តថា ភ្ញៀវដែលមកទស្សនាកម្សាន្តនៅខេត្តនេះ មានការកើនឡើងតិចតួចពីមួយឆ្នាំទៅមួយឆ្នាំ ហើយភាគច្រើនពួកគាត់ បានឈប់សម្រាកនៅខេត្តនេះ បានបន្តដំណើរទៅខេត្តផ្សេងៗទៀត នៅក្នុងខេត្តមានផ្ទះសំណាក់សណ្ឋាគារ និងអាហារដ្ឋានគ្រប់គ្រាន់ សម្រាប់បម្រើសេវាជូនភ្ញៀវ។ អ្នកទេសចរដែលធ្វើដំណើរកម្សាន្ត នៅខេត្តភូមិភាគឥសាន្តភាគច្រើន គឺពួកគាត់ធ្វើដំណើរទស្សនា គ្រប់ទីកន្លែងពោល គឺចេញពីខេត្តមួយទៅខេត្តមួយទៀត ដូចជា៖ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម។

ដោយឡែកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានលក្ខណៈល្អប្រសើរ ដោយគណៈបញ្ជាការឯកភាពខេត្ត មានផែនការច្បាស់លាស់​ ក្នុងការរៀបចំការពារសុវត្ថិភាពជូនភ្ញៀវ ទាំងនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាជូនភ្ញៀវទេសចរ៕