(ព្រះវិហារ)៖ រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកំសាន្ត នៅតាមតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រះវិហារ សរុបចំនួន២៧,០០៣នាក់។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៧នេះ គឺប្រជាពលរដ្ឋក្រៅពីការធ្វើដំណើរទៅកាន់ទីវត្តអារ៉ាមនានា ដើម្បីធ្វើបុណ្យតាមប្រពៃណីហើយ ពួកគាត់បានធ្វើដំណើរជាមួយក្រុមគ្រួសារ ទៅកំសាន្តសប្បាយនៅតាមរមណីយដ្ឋាននានា និងតាមគោលដៅសហគមន៍ផ្សេងៗទៀតក្នុងខេត្តផងដែរ។

លោកបន្តថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ខេត្តព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន២,៧០០៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន២៦,៦៤២នាក់ កើនឡើងចំនួន២.៦៥% និងភ្ញៀវអន្តរជាតិចំនួន៣៦១នាក់ កើនឡើង១៣.១៦% បើប្រៀបធៀបនឹងឆ្នាំ២០១៦។

លោកប្រធានមន្ទីរបានបញ្ចាក់ថា ភ្ញៀវទេសចរទាំងនោះទៅទស្សនាកំសាន្តតាមតំបន់រមណីយដ្ឋាននានារួមមាន ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍  ប្រាសាទព្រះខណ្ឌ ទឹកធ្លាក់ព្រះនិម្មិត ទឹកធ្លាក់បុស្បូវទឹកធ្លាក់ភ្នំត្បែង និងគោលដៅសហគមន៍ ដែលមានសេវាកម្មទេសចរណ៍ផ្សេងៗទៀត។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារបានថ្លែងថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរ ដែលមកកំសាន្តនៅខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៧នេះ គឺដោយសារតែប្រទេសមានសុខសន្តិភាព ដែលសុខសន្តិភាពនេះ បានផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប នូវសេចក្តីសុខសប្បាយរីករាយគ្រប់ក្រុមគ្រួសារ មានឱកាសធ្វើបុណ្យទានដើរកំសាន្តគ្រប់ទីកន្លែង។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខ សន្តិភាពឲ្យនៅគង់វង្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ច និងស្ថាបន័ពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ រមណីយដ្ឋាននានា ជូនភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រកបដោយភាពកក់ក្តៅ៕