(ភ្នំពេញ)​៖ ជន​សង្ស័យ​ម្នាក់​ដែលមានកាំភ្លើងប៊ិចដាក់តាមខ្លួន ត្រូវបាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ ទួលសង្កែធ្វើការ​ឃាត់​ខ្លួន​ ខណៈ​​កំពុងជិះម៉ូតូនៅតាមផ្លូវ ហើយសមត្ថកិច្ចមានការសង្ស័យ ក៏ឃាត់ធ្វើការត្រួតពិនិត្យ។ 

ការឃាត់ខ្លួនបុរសនេះ​បាន​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​ ១០និង៣០នាទី យប់​ថ្ងៃទី​២១ ខែ​កញ្ញា ​ឆ្នាំ២០១៧​ ស្ថិត​នៅ​ចំណុចផ្លូវរថភើ្លង ក្រុមទី១ ក្នុង​ភូមិបាក់ទូក សង្កាត់ទួលសងែ្ក​ខណ្ឌ​ឫស្សី​កែវ​។ ជន​សង្ស័យ​ដែល​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​មានឈ្មោះ​ លី គឹមលៀង ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរជាងអគ្គិសនី មានទីលំនៅផ្ទះលេខ១៨១ ផ្លូវ៨០ ភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដួនពេញ រាជធានីភ្នំពេញ ​។ ​

តាម​មន្ត្រី​នគរ​បាលប៉ុស្តិ៍ទួលសង្កែបានឲ្យដឹងថា ​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ ជនសង្ស័យខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កូពី ពណ៌​ទឹកសមុទ្រលាយស មួយគ្រឿងពាក់​ស្លាក​លេខក្លែងក្លាយភ្នំពេញ 1AB-6712 ធ្វើដំណើរ​ចេញពីផ្ទះសំដៅទៅ​កន្លែង​ឃាត់​ខ្លួន។​

ខណៈ​នោះ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍ទួលសង្កែ មានការសង្ស័យក៏ហៅឲ្យឈប់ដើម្បី​ ត្រួតពិនិត្យ ​ស្រាប់តែរកឃើញអាវុធកែច្នៃចំនួន១ដើម ដូចប៊ិចនៅក្នុងអាវដោយ​មានគ្រាប់ចំនួន១គ្រាប់ផង។ បន្ទាប់មកកម្លាំងនគរបាលក៏បាន​នាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋ បាលទួលសង្កែដើម្បីសាកសួរបន្តក្រែងមានបក្ខពួក ឬពាក់ព័ន្ធបទល្មើសអ្វីផ្សេងទៀត៕