(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានរើសអើងចំពោះគោលនយោបាយក្រៅប្រទេស ជាមួយប្រទេសណានោះទេ ឱ្យតែប្រទេសទាំង​នោះ គោរពឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា។

ការលើកឡើងបែបនេះរបស់ លោក សុខ ឥសាន បានធ្វើឡើងបន្ទាប់ពីមានការរិះគន់មួយចំនួនថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរឹតបន្តឹងចំពោះគោលនយោបាយការបរទេសជាមួយ សហរដ្ឋអាមេរិក បានប៉ុន្តែលម្អៀងទៅរកចិន។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា មិនបានរេីសអេីងចំពោះប្រទេសណាមួយទេ លេីមូលដ្ឋាននយោបាយការបរទេសរបស់ខ្លួន គោរពឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា កម្ពុជាទទួលស្វាគមន៍ទាំងអស់»។ លោកបានបន្តថា «ប្រទេសកម្ពុជាជាប្រទេសតូច ជាមនុស្សលោក គ្មាននយោបាយណាហ៊ានរករឿងប្រទេសធំ មហាយក្សនោះទេ»

លោក សុខ ឥសាន បានបកស្រាយបន្ថែមទៀតថា រាជរដ្ឋាភិបាលបានអនុញ្ញាតទទួលយកការជួយឧបត្ថម្ភពីបក្សកុំម្មុយនិស្តចិន ក្នុងការកសាងស្ថានីយ៍ទូរទស្សន៍ឌីជីថុលកម្លាំងខ្លាំងទូទាំងប្រទេស។ ប្រទេស សរអា និងប្រទេសចិន គឺជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដូចគ្នា មានភារកិច្ចជួយស្តារនិងកសាងប្រទេសកម្ពុជា តាមការសន្យារបស់ខ្លួន។ តែបណ្តាប្រទេសហត្ថលេខី មិនអាចរំលោភបំពានលេីឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាបានទេ ហេីយក៏មិនអាចត្រួតត្រាប្រទេសកម្ពុជា បែបអាណានិគមន៍មកលេីកម្ពុជាទេ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានសម្រេចផ្អាកកិច្ចសហប្រតិបត្តិការមួយជាមួយអាមេរិក សម្រាប់រុករកគ្រោងឆ្អឹងរបស់ទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា កាលពីជំនាន់សង្គ្រាមវៀតណាម។ ការសម្រេចផ្អាក កិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក សម្រេចផ្អាកការផ្តល់ទិដ្ឋាការជូនមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស តាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមហេតុផលមួយដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា មិនសមរម្យ និងអមនុស្សធម៌៕