(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងពេលបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧ ដែលទើបនឹងបញ្ចប់ទៅនេះ មានភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋសរុប ១,០៥០,០០០នាក់ កើនឡើងប្រមាណ ១៥.៧០% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,០១០,០០០នាក់ កើនឡើងប្រមាណ ១៥.៣០% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០,០០០នាក់ កើនឡើងប្រមាណ ៦.២០%។

របាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ចំនួនអ្នកទេសចរជាក់ស្តែងអាចច្រើនជាងនេះទៀត ពីព្រោះមានបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រមណីយដ្ឋាននោះក៏បានទៅកម្សាន្តផងដែរ។ តំបន់រមណីយដ្ឋានដែលមានសក្តានុពលទេសចរណ៍ហើយបងប្អូនប្រជាពលរដ្ឋទៅលេងនោះមានដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។

របាយការណ៍បានបញ្ជាក់ផងដែរថា ខេត្តគោលដៅទេសចរណ៍សំខាន់ៗ ហើយទទួលបានចំនួនភ្ញៀវទេសចរច្រើននោះរួមមាន៖
* ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួន ១៤៣,៦៩៣នាក់ កើនឡើង ៤.៨១% ក្នុងនោះ ភ្ញៀវជាតិចំនួន ១២៦,០០០នាក់ កើនឡើង ៥% ភ្ញៀវអន្តរជាតិចំនួន ១៧,៦៩៣នាក់ កើនឡើង ៣.៥២%។

* ខេត្តព្រះសីហនុ៖ ភ្ញៀវសរុបចំនួន ៩២,០០០នាក់ កើនឡើង ១៥.២២% ក្នុងនោះ ភ្ញៀវជាតិចំនួន ៨៧,៤០០នាក់ កើនឡើង ១៣.៧០% ភ្ញៀវអន្តរជាតិចំនួន ៤,៦០០នាក់ កើនឡើង ២%។

* ខេត្តបាត់ដំបង៖ ភ្ញៀវសរុបចំនួន ៧៩,០៧៥នាក់ កើនឡើង ៨៩.១៩% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៨,៨៣៦នាក់ កើនឡើង ៨៩.៦៥% ភ្ញៀវអន្តរជាតិចំនួន ២៣៩នាក់ កើនឡើង ៥.២៩%។

* ខេត្តកំពត៖ ភ្ញៀវសរុបចំនួន ៧៤,១៥៩នាក់ កើនឡើង ៥.២១% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៥,៩៥៧នាក់ កើនឡើង ៥.៧០% ភ្ញៀវអន្តរជាតិចំនួន ១,២០២នាក់ កើនឡើង ១៦.៤២%។

* ខេត្តបន្ទាយមានជ័យ៖ ភ្ញៀវសរុបចំនួន ៧៧,០៧៨នាក់ កើនឡើង ១០៦.២០% ក្នុងនោះ ភ្ញៀវជាតិចំនួន ៧៧,០៦៨នាក់ កើនឡើង ១០៦.២១% ភ្ញៀវអន្តរជាតិចំនួន ១០នាក់ កើនឡើង ៦៦.៦៦%។

* ខេត្តកំពង់ធំ៖ ភ្ញៀវសរុបចំនួន ៤៣,៧៥៣នាក់ កើនឡើង ១១៣.៥៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ៤៣,៦៤៧នាក់ កើនឡើង ១១៤.០៧% ភ្ញៀវអន្តរជាតិចំនួន ១០៦នាក់ កើនឡើង ៨.១៦%។

* ខេត្តរតនគិរី៖ ភ្ញៀវសរុបចំនួន ១៥,៨០៥នាក់ កើនឡើង ១១២.១០% ក្នុងនោះ ភ្ញៀវជាតិចំនួន ១៥,៥៣៣នាក់ កើនឡើង ១១៤.៧០% ភ្ញៀវអន្តរជាតិចំនួន ២៧២នាក់ កើនឡើង ២៧.១០%។

* ខេត្តក្រចេះ៖ ភ្ញៀវសរុបចំនួន ១០,៩៧០នាក់ កើនឡើង ២៨.០៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ១០,៥០៧នាក់ កើនឡើង ២៩.០៧% ភ្ញៀវអន្តរជាតិចំនួន ៤៦៣នាក់ កើនឡើង ៨.៦៨%។

ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា ការរៀបចំតបំន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដោយក្នុងនោះ៖
- ផ្លូវចូលទៅកាន់រមណីយដ្ឋានទេសចរណ៍ភាគច្រើនត្រូវបានស្ថាបនាជួសជុល និងកែលំអ
- អាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ (ក្រុមការងារសង្កេតឃើញថាពុំមានការផ្សាយព័ត៌មាននៅលើ Facebook ពីការតម្លើងថ្លៃហួសហេតុដូចឆ្នាំកន្លងទៅទេ។

- បញ្ហាបរិស្ថានអនាម័យ ល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ

- បញ្ញាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និតជាមួយកំលាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ។

មានការកត់សម្គាល់មួយទៀតថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋខ្មែរទៅលេងកម្សាន្តតំបន់រមណីយដ្ឋានទេសចរណ៍នានាកើតឡើងជាងបណ្តាឆ្នាំកន្លងទៅនេះ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវ និងស្ពានមានកាន់តែច្រើនជួយសម្រួលដល់ការធ្វើដំណើរ, ប្រជាពល មានជីវភាពល្អប្រសើរ ដែលមានប្រាក់កាកសម្រាប់ចំណាយក្នុងការដើរលេងកម្សាន្ត មួយវិញទៀត គឺកត្តាសន្តិសុខ និងសុខសន្តិភាពរបស់ ប្រទេសជាតិ ដែលជាអំណោយផលសម្រាប់ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយមិនមានការព្រួយបារម្ភ ឬខ្លាចរអាពីសុវត្ថិភាពពេលដើរលេងកម្សាន្តនោះឡើយ៕