(សៀមរាប)៖ ​​សរុបបុណ្យភ្ជុំបិណ្ឌ​៣ថ្ងៃ ចាប់ពីថ្ងៃទី​១៩ ដល់ថ្ងៃទី២១ ខែ​​កញ្ញា ឆ្នាំ២០១៧ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាតំបន់​អង្គរ នៅតាមសហគមន៍ រមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ​១៤៣,៦៩៣​នាក់ មានការកើនឡើង​៤.៨១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៦ មានចំនួន១៣៧,០៩១​នាក់​។

របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជាង១៤ម៉ឺននាក់នោះ មានភ្ញៀវអន្តរជាតិ​១៧,៦៩៣​នាក់ មានការកើនឡើង​៣.៥២ភាគរយ ប្រៀបធៀប​ឆ្នាំ២០១៦ មានចំនួន​១៧,០៩២​នាក់ និងភ្ញៀវទេសចរជាតិសរុប​១២៦,០០០នាក់ ​មានការកើនឡើង​៥ភាគរយ ប្រៀបធៀប​ឆ្នាំ២០១៦ ចំនួនមាន១២០,០០០​នាក់​ប៉ុណ្ណោះ។

យ៉ាងណាមិញ សម្រាប់​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ២០១៧នេះ រម្មណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរ ប្រមាណ​៥១,១៥៦​នាក់ កើនឡើង២.៤៦ភាគរយ ក្នុងនោះ ភ្ញៀវអន្តរជាតិ​៦,១៥៦​នាក់ មានការកើនឡើង​៣.៩០ភាគរយខណៈឆ្នាំ២០១៦ មានចំនួន​៥,៩២៥​នាក់ និងភ្ញៀវទេសចរជាតិសរុប ប្រមាណ​៤៥,០០០នាក់ ប្រជាជនក្នុងខេត្តដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងតំបន់អង្គរ បឹងទន្លេសាប បារាយណ៍ទឹកថ្លា និងមកពីតាមបណ្តាខេត្ត មានការកើនឡើង​២.២៧ភាគរយ ប្រៀបធៀប​ដូចគ្នាឆ្នាំ២០១៦ ចំនួនមាន៤៤,០០០​នាក់​។

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក​ ថោង ខុន ធ្លាប់បានឲ្យដឹងថា​ ចំនួនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ ហាក់មានការកើនឡើងយ៉ាងខ្លាំងនៅតាមរម្មណីយដ្ឋានផ្សេងៗ នៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦​។

រដ្ឋមន្ដ្រី ថោង ខុន បានអះអាងថា «ប្រជាពលរដ្ឋយើងជាទេសចរក្នុងស្រុក រួមជាមួយទេសចរអន្តរជាតិ ពិត​ជាសប្បាយរីករាយនឹងសន្តិភាព រីករាយនឹងការអភិវឌ្ឍន៍ រីករាយនឹងជីវភាពរស់ប្រចាំថ្ងៃ ដែល​បានផ្តល់ឱកាសឲ្យពួកគាត់ បានធ្វើដំណើរកម្សាន្ដ​ដោយ​សេរី និងរីករាយក្រៃលែង​បានស្គាល់ការពិត នៃការរីកចម្រើន នៃទឹកដីជាទីស្រឡាញ់របស់ខ្លួន»។

លោករដ្ឋមន្ដ្រីបញ្ជាក់ថា អ្វីៗទាំងអស់នេះ គឺសុទ្ធតែកើតមានឡើងដោយសារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានសន្ដិភាព ស្ថេរភាពនយោបាយ ដែលឲ្យធ្វើឲ្យពលរដ្ឋអាចប្រកបរបររកស៊ីបានយ៉ាងងាយស្រួល ហើយទើបធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងមានឱកាសដើរលេងកម្សាន្ដសប្បាយយ៉ាង ដោយគ្មានភាពភ័យខ្លាចអ្វីទាំងអស់៕