(ភ្នំពេញ)៖ ដោយសារការរវល់ត្រូវជួបជាមួយមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន ក៏ដូចជាការងារដឹកនាំរាជរដ្ឋាភិបាលជាច្រើនផ្សេងទៀតនោះ ក្នុងឱកាសបុណ្យភ្ជុំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនបានទៅលេងកម្សាន្តនៅតាមបណ្តាខេត្តនោះឡើយ គឺបន្តមានវត្តមាននៅក្នុងរាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ដែលជាថ្ងៃបុណ្យភ្ជុំធំ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចេញមកមុខគេហដ្ឋានក្បែរវិមានឯករាជ្យ ដើម្បីពិនិត្យមើលទិដ្ឋភាពក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា រាជធានីភ្នំពេញនៅថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺមានស្ថានភាពស្ងប់ស្ងាត់ជាងថ្ងៃធម្មតា ដោយសារប្រជាពលរដ្ឋទៅជួបជុំក្រុមគ្រួសារធ្វើបុណ្យទាននៅតាមស្រុកកំណើតរបស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ដើម្បីសុវត្ថិភាពទាំងអស់គ្នាក្នុងថ្ងៃបុណ្យភ្ជុំនេះ៕