(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងរំលឹកថា ការដែលប្រជាពលរដ្ឋបានធ្វើដំណើរលេងកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា ក៏ដូចជាការជួបជុំលេងសប្បាយរបស់ក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព។

ជាមួយនឹងសាររំលឹកពីសារៈសំខាន់នៃសុខសន្តិភាពរួចហើយនោះ នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អនៅតាមវត្តអារាម និងតាមតំបន់រមណីយដ្ឋាននានា ដើម្បីប្រជាពលរដ្ឋ និងទេសចរបរទេសបានស្វែងយល់អំពីប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់កម្ពុជា ព្រមទាំងបានធ្វើបុណ្យ និងកម្សាន្តសប្បាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដ៏អធិកអធម្មនេះតាំងពីបិណ្ឌ១ រហូតមកដលភ្ជុំធំថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងកម្លាំប្រដាប់អាវុធដែលកំពុងឈរជើងការពារតាមព្រំដែន និងកងកម្លាំងដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហាប្រជាតិនៅក្រៅប្រទេស សូមឲ្យមានសំណាងល្អ និងរីករាយនៅក្នុងថ្ងៃភ្ជុំធំទាំងអស់គ្នា។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅគ្រប់រមណីយដ្ឋានទេសចរណ៍នៅគ្រប់បណ្តាខេត្តទាំងអស់ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ គឺកកកុញដោយបងប្អូនប្រជាពលរដ្ឋទៅលេងកម្សាន្ត បន្ទាប់ពីពួកគាត់បានទៅធ្វើបុណ្យតាមទីអារាមរួចរាល់នោះ៕