(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញក្តីណែនាំមួយ ដែលមានគោលការណ៍ចំនួន ៥ចំណុច ដើម្បីដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចដាំអំពៅធ្វើស្ក ជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

បើតាមលោក ជា សុផារ៉ា គោលការណ៍ដែលបានដាក់ចេញនេះ បានធ្វើឡើងដោយយោងតាមស្មារតីនៃកិច្ចប្រជុំរួមគ្នាមួយរវាងរូបលោក និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ។

គោលការណ៍៥ចំណុច ដែលបានដាក់ចេញដើម្បីដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុនដាំអំពៅផលិតស្ករស ជាមួយនឹងប្រជាពលរដ្ឋនេះរួមមាន៖
១. ធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងសម្បទានដីសេដ្ឋកិច្ចសម្រាប់កសិ-ឧស្សាហកម្មដំណាំអំពៅផលិតស្ករសនាំចេញ
២. ប្រមូលព័ត៌មាន និងទិន្នន័យពាក់ព័ន្ធការដោះស្រាយវិវាទកន្លងមក
៣. ផ្ទៀងផ្ទាត់រកអ្នកដែលរងផលប៉ះពាល់ពិតប្រាកដ និងមិនទាន់បានដោះស្រាយ
៤. បង្កើតក្រុមការងារបន្ថែមតាមគោលដៅ សម្រាប់គាំទ្រ និងជំរុញការងារផ្ទៀងផ្ទាត់ ដើម្បីធានាសុក្រឹត្យភាព និងតម្លាភាព
៥. ប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យដោះស្រាយបញ្ចប់បញ្ហា៕