(ពោធិសាត់)៖ នៅថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៧​​ នាយឧត្តមសេនីយ៍​ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានជួបសំណេះសំណាល និងអាហារសាមគ្គីជាមួយមិត្តភក្តិចាស់ៗដែលរៀនជាមួយគ្នាកាលពីទសវត្សឆ្នាំ៦០ ដែលកំពុងក្លាយជានិវត្តន៍ជន អតីតយុទ្ឋជន ជាជីតា ជីដូន របស់ចៅៗ នៅខេត្តពោធិសាត់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងនូវក្តីនឹករលឹកចំពោះមិត្តភក្តិទាំងអស់​ តាំងពីកាលនៅរៀន​ និងបែកគ្នាទៅបំពេញការងាររៀងខ្លួន​ ពិសេសប្រវត្តិនៃការឈឺចាប់តស៊ូឆ្លងពីសង្រ្គាមម្តងហើយម្តងទៀត​ ។

ក្នុងឱកាសនោះដែរ​ ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បន្ថែមថា​មិត្តភក្តិ​យើងទាំងអស់គ្នាគឺមានវ័យចាស់ៗ ដែលមានបទពិសោធន៍ឆ្លងកាត់សម័យកាលជាច្រើន​ ហើយពួកយើងបានក្លាយជា មរតកមនុស្សរស់សម្រាប់យុវជនសម័យក្រោយធ្វើការសិក្សាស្រាវជ្រាវ​ ផ្តល់ដំបូន្មាន​ដល់ពួកគេដើម្បីក្លាយជា ទំពាំងស្នងឬស្សី​និងជាធនធានដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ​ ៕