(ស្វាយរៀង)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរទៅតាមរម្មណីយដ្ឋាននានា ហើយខ្លះទៀតជួបជុំគ្រួសារ នៅតាមគេហដ្ឋានរៀងៗខ្លួន ខណៈពេលនេះ​កត្ដាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជាច្រើនសំខាន់បំផុត ព្រោះខា្លចក្រែងមានគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ។

ជាក់ស្ដែង​ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវពង្រឹង និងបង្កើនសកម្មភាពការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនពលរដ្ឋ ក្នុងមូលដ្ឋានរៀងៗខ្លួនឲ្យបានល្អបំផុត។

ប្រកាសបញ្ជារបស់លោកមេបញ្ជាការ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងឱកាសលោកដឹកនាំ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី១៤​ ចំនួន៤វត្ត ក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

​ក្នុងឱកាសនោះ លោកមេបញ្ជាការ និងភិរយា ព្រមទាំងមន្ដ្រីក្រោមឱវាទ បានប្រគេនចង្ហាន់ និង​ទេយ្យវត្ថុប្រគេនព្រះសង្ឃទាំង៤​វត្ត រួមមាន​៖ ​ព្រះសង្ឃទាំង​០៤វត្ត មាន​៩១​អង្គ​ ស្លាដក​៩១ស្លាដក, ប្រគេនបច្ច័យព្រះសង្ឃ​៩១​អង្គ ក្នុងមួយអង្គ ២០,០០០រៀល, គ្រឿង​ឧភោគ​បរិភោគ ទាំង៤​វត្ត ក្នុង១វត្តមាន៖ ​អង្ករ​១បាវ ៥០​គីឡូក្រាម, ទឹកផ្លែឈើ២កេស, ទឹកក្រូច២កេស, នំធុង​២ធុងធំ, ទឹកបរិសុទ្ធវីតាល​​២កេស, ទឹកត្រី​​២​យួរ, ទឹកស៊ីអ៊ីវ​​​២យួរ​, មីម៉ាម៉ា​​២កេស, ​ធូក​​២​ដុំធំ, ទៀន​​២​គីឡូ, តែ​២កញ្ចប់, ប៊ីចេង​២​គីឡូ​, ត្រីខ​កំប៉ុង​០២យួរ និងចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃ ៤​ស្រាក់។

ក្នុងពិធីបុណ្យនេះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានចូលរួមកសាងសម្រាប់វត្ត ទាំង៤៖ វត្តបាវិត ចំនួន​១,០០០​ដុល្លារ និង​៧២៥,​០០០​រៀល, វត្តតាពៅ​ចំនួន​១,០០០​ដុល្លារ និង​៥៥៥,​០០០​រៀល, វត្តតាឡុកស៊ីម៉ង់ត៍​១០​តោន និង​៤៤៩,០០០​រៀល និងវត្តព្រៃយាយ ចំនួន​១,០០០​​ដុល្លារ និង​៤៥៥,​០០០​រៀល​ថែមទៀត​៕